(សៀមរាប)៖ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ ដែលទៅកម្សាន្ដនៅតំបន់អង្គរ ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត និងសេវាកម្មផ្សេងៗពាក់ព័ន្ធសេវាទូរស័ព្ទ ក្រុមហ៊ុនទូរស័ទ្ទចល័ត «Smart» បានតំឡើងអង់តែនថ្មីរួចរាល់ហើយ នៅតំបន់អង្គរ ដែលជួយសម្រួលដល់ភ្ញៀវទេសចរ។

ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កន្លងមកភ្ញៀវទេសចរ ដែលបានទៅដើរទស្សនាកម្សាន្ដ នៅតំបន់រម្មណីដ្ឋានអង្គរ តែងតែនាំគ្នារអួរទាំថា គ្មានសេវាទូរស័ព្ទគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ទូទៅ ជាពិសេស ក្នុងការប្រើអ៊ីនធឺណេតជាដើម។

លោក ឡុង កុសល អ្នកនាំពាក្យដដែលរូបនោះបានឲ្យដឹងថា​ «ដោយមើលឃើញពីទុក្ខលំបាក និងដើម្បីជួយដល់ភ្ញៀវទេសចរ ជាតិ-អន្ដរជាតិ ក្រុមហ៊ុន Smart​ បានសម្រេចតំឡើងអង់តែនទូរស័ព្ទថ្មី នៅតំបន់រម្មណីដ្ឋានអង្គរ ដែលជួយបង្កើនដល់សេវាទូរស័ព្ទ»។ ជាមួយគ្នានេះលោកបានបន្ថែមថា ក្រៅពីក្រុមហ៊ុន Smart ដែលទើបតំឡើងអង់តែនថ្មីរបស់ខ្លួននៅដើមខែមករា ឆ្នាំ២០១៧ ខណៈពេលនេះដែលនៅមានក្រុមហ៊ុនទូរស័ព្ទចល័តធំៗជាច្រើនទៀត បាននឹងកំពុងតែធ្វើការស្នើសុំដើម្បីតំឡើងអង់តែនថ្មីបន្ដទៀតផងដែរ៕