(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងនគរបាល ត្រូវ​ពង្រឹង​សន្តិសុខ ឲ្យបានខ្លាំងក្លាបំផុត ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាប បទល្មើសគ្រឿងញៀន ក្មេងទំនើង អំពើលួចឆក់ប្លន់ ជាដើមនោះ។

ដាក់ចេញនូវវិធានការបែបនេះ ត្រូវបានធ្វើឡើ នៅ​ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧​នេះ ក្នុងឱកាសលោកស្នងការ​ ធ្វើជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ដល់មន្ដ្រីនគរបាលក្នុងខេត្ត១១៤នាក់។

​លោកស្នងការ អាត់ ខែម បានលើកឡើង​ថា វិធានការពង្រឹងសន្តិសុខ  អនុវត្តលើគោលការណ៍ដាក់ កម្លាំងយាមកាមតាមគោលដៅសំខាន់ៗ នៅក្នុងភូមិសាស្រ្តដែលងាយ​កើត​ឡើងបទល្មើស កម្លាំងត្រូវចេញល្បាតតាមផ្លូវ ជាប្រចាំ និងការខិតខំប្រមូលព័ត៌មាន ចេញប្រតិបត្តិការទប់ស្កាត់បទល្មើសឲ្យទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាកម្លាំងការិយាល័យជំនាញ និងស្រុក-ក្រុង ដែលពាក់ព័ន្ធ ត្រូវតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនជន​ ដែលប្រព្រឹត្តិបទល្មើស  យកមក​ផ្តន្ទាទោស​តាមផ្លូវច្បាប់ឲ្យខាងតែបាន ដោយមិនឲ្យរួចនោះឡើយ។

ជាមួយនឹងការដាក់ចេញនូវវិធានការ ​លោកឧត្តមសេនីយ៍ស្នង ក៏បានកោតសសើរកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ កន្លងមក មានស្នាដៃល្អ បានចេញប្រតិបត្តិការ​បង្រ្កាបបទល្មើស  គ្រឿងញៀនបានច្រើនករណី និងបង្រ្កាបចាប់ឃាត់ខ្លួនក្រុមចោរលួចចោរឆក់ និងចោរប្លន់ប្រដាប់អាវុធ បានសម្រេចជាបន្តបន្ទាប់ ធ្វើឲ្យសន្តិសុខ​មាន​ភាព​​ល្អប្រសើរនៅខេត្តបន្ទាយមានជ័យ ប៉ុន្ដែលោកស្នងការ ជម្រុញឲ្យកងកម្លាំងគ្រប់ផ្នែកជំនាញទាំងអស់ បន្តខិតខំអនុវត្តកិច្ចការងាររបស់ខ្លួន ឲ្យខ្លាំង​បន្ថែមទៀត ដើម្បី​រក្សាសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្ត។

​សូមបញ្ជាក់ថា នាយនាយរងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូតួនាទី​ភារកិច្ច និងបំពាក់ឋានន្តរសក្តិ សរុបចំនួន១១៤នាក់ ក្នុងនោះផ្ទេរភារកិច្ច​ ៧នាក់ តែងតាំងមុខតំណែង២២នាក់ និងតម្លើងឋានន្តរសក្តិ៨៥នាក់៕