(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការសាលាខណ្ឌ សង្កាត់ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ  បានចុះ​សំណេះ​សំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុងថ្មី​១ខ្សែ ដែលទើបស្ថាបនារួច ក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ផ្លូវបេតុង០១ខ្សែនេះ ជាផ្លូវបេតុងស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោឆ្នាំ២០១៧ ដែលមានប្រវែង​៥០០ម៉ែត្រ ទទឹង​០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ​។  

លោកអភិបាលខណ្ឌ បាន​សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើង អំពីការអភិវឌ្ឍនានាក្នុងមូលដ្ឋាន ក៏ដូចជានៅទូទាំងប្រទេស ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែលសម្តេចតែងបានយកចិត្តទុកដាក់ថែរក្សា បាននូវសុខសន្តិភាព និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ តួយ៉ាងផ្លូវបេតុងថ្មីមួយខ្សែនេះ ជាសក្ខីភាពស្រាប់។

ជាមួយគ្នានោះ ​ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មី បានធ្វើការអបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងបានគិតគូដល់ការ​លំបាក​របស់ពួកគាត់ និងស្ថាបនាផ្លូវបេតុងថ្មី​១ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងមានផាសុខភាពក្នុងការរស់នៅ៕