(ភ្នំពេញ)៖ លោក Jang Yun Gon ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងជើងប្រចាំនៅកម្ពុជា បានអះអាងថា មេដឹកនាំកូរ៉េខាងជើងបានត្រៀម លក្ខណៈសម្បត្តិជានិច្ចក្នុងការចរចាជាមួយមេដឹកនាំកូរ៉េខាងត្បូង ដើម្បីបញ្ចប់វិវាទឈានទៅបង្រួបបង្រួមប្រទេសបងប្អូនកូរ៉េទាំងពីរឡើងវិញ។

ការអះអាងរបស់លោក Jang Yun Gon ធ្វើឡើងក្នុងពេលដែលរូបលោកត្រូវបានលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានថ្លែងថា ថ្នាក់ដឹកនាំកូរ៉េខាងជើងប្ដេជ្ញាចិត្តប្រកាន់ខ្ជាប់នូវការបង្រួបបង្រួមកូរ៉េទាំងពីរ ដោយសន្ដិវិធី ហើយសព្វថ្ងៃថ្នាក់ដឹកនាំកូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាដោយផ្ទាល់ជាមួយកូរ៉េខាងត្បូង លើការបង្រួបបង្រួមនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានបង្ហាញនូវការសាទរចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើង ហើយក៏បានជំរុញឲ្យបំណងមួយនេះឆាប់បានសម្រេចផងដែរ។

សូមបញ្ជាក់ថា ប្រទេសបងប្អូនកូរ៉េ គឺកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានបែកបាក់គ្នាចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២ (១៩៣៩-១៩៤៥) មកម្ល៉េះ ដោយកូរ៉េខាងត្បូងត្រូវបានគាំទ្រពីក្រោយដោយប្រទេសប្លុកសេរី មានអាមេរិកជាបងធំ ខណៈកូរ៉េខាងជើង ត្រូវបានគាំទ្រដោយប្រទេស ប្លុកគុម្មុយនីស្តិ មានចិន និងរុស្ស៊ីជាដើម ជាបង្អែក។

កូរ៉េខាងត្បូង គាំទ្រដោយអាមេរិក និងកូរ៉េខាងជើង គាំទ្រដោយចិន រុស្ស៊ី តែងបានផ្ទុះសង្រ្គាមពាក្យសម្តី និងសង្រ្គាមផ្នែកសព្វាវុធជាមួយ គ្នាជារឿយៗផងដែរ។ តែទោះជាយ៉ាងណានៅមួយរយៈចុងក្រោយនេះ តាមរយៈការផ្សព្វផ្សាយរបស់ព័ត៌មានកូរ៉េខាងជើង បានទម្លាយថា មេដឹកនាំផ្តាច់ការវ័យក្មេងរបស់កូរ៉េខាងជើង គឺលោកប្រធានាធិបតី គីម ជុងអ៊ុន ចង់បើកការចរចាជាមួយមេដឹកនាំកូរ៉េខាងត្បូង ដើម្បីបង្រួបបង្រួមកូរ៉េទាំងពីរឡើងវិញ៕