(ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន អ្នកវិនិយោគទុនស្វីស ទាំងអស់ ដែលមានបំណងទៅបណ្តាក់ទុននៅកម្ពុជា។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញអ្នកវិនិយោគទុនស្វីសទាំងអស់ ទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចបន្តថា នៅក្នុងវេទិកានេះគឺនឹងផ្តល់ឱកាសឲ្យអ្នកវិនិយគទុនស្វីស បានឃើញកាន់តែ ច្បាស់អំពីឱកាសមាស និងសក្តានុពលទាំងឡាយក្នុងការបណ្តាក់ទុន វិនិយោគ។នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅមុននេះបន្តិច។

យោងតាម Fcebook ផ្លូវការសម្តេចតេជោ បានបញ្ជាក់បន្ថែមថា «នៅក្នុងពិធីទទួលទានអាហារ និងសំណេះសំណាល កាលពីយប់មិញនេះគឺបានផ្តល់ឱកាស ដល់តំណាងក្រុមហ៊ុនស្វីស ទាំងអស់បានស្តាប់ និងបានពិភាក្សាដោយផ្ទាល់ជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីបញ្ហាជាច្រើន ដែលទាក់ទងទៅនឹងការពង្រឹង និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរិះរកនូវវិធីសាស្រ្តល្អៗជាច្រើនដើម្បីពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-ស្វីសឲ្យកាន់តែមាន ទំហំធំឡើងថែមទៀតដែលផ្តល់ផលប្រយោជន៍ដល់ ប្រជាជាតិនៃប្រទេសទាំងពីរ»

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែនខាងលើនេះធ្វើឡើងខណៈសម្តេច និងគណៈប្រតិភូជាន់ខ្ពស់មួយចំនួនទៀត អញ្ជើញពិសារអាហារពិភាក្សាការងារ ជាមួយក្រុមហ៊ុនស្វីស នៅល្ងាចម្សិលមិញ បន្ទាប់ពីបានជួបជុំសំណេះសំណាលជាមួយ បងប្អូនសហគម និងនិស្សិតខ្មែររួចហើយ សម្តេច តេជោនាយករដ្ឋមន្រ្តី បានអញ្ជើញពិសារអាហារការងារពេលល្ងាច ជាមួយតំណាងក្រុមហ៊ុនល្បីៗរបស់សហព័ន្ធស្វីស នៅភោជនីយដ្ឋាន Club of the Restaurant នៅសណ្ឋាគារ Park Hyatt Zurich។

ជាការឆ្លើយតប តំណាងអ្នកវិនិយោគទុនស្វីស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយស អញ្ជើញចូលរួមពិសារអាហារ និងផ្តល់ព័ត៌មានសំខាន់ៗមួយចំនួនអំពីឱកាសវិនិយោគនៅកម្ពុជា។ មានអ្នកវិនិយោគទុនស្វីសជាច្រើនមានបំណងទៅបណ្តាក់ទុននៅប្រទេសកម្ពុជា ព្រោះពួកគេមានទំនុកចិត្តនិងមើលឃើញ យ៉ាងច្បាស់ពីស្ថេរភាពនយោបាយ ការរីកចម្រើន ជាពិសេសគឺសក្តានុពលសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។

គួរបញ្ជាក់ថា នៅទី១៧ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញធ្វើដំណើរ ទៅកាន់ទីក្រុង Davos ដើម្បីចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំធ្វើនៅទីនោះ៕