(ភ្នំពេញ)៖ ស្របតាមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង​ជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ ​អំពាវនាវជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យរបស់ខ្លួន ធ្វើយ៉ាងណា មេត្តាជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ការថ្លែងរបស់លោក ឌី រ័ត្នខេមរុណ ធ្វើឡើងក្នុងពិធីចែកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូន​ដល់ពលរដ្ឋ​ក្រីក្រ​៤៤គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម និងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។

​លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា គ្រឿងញៀន គឺជាសារធាតុញៀនដែលចូលទៅពង្វក់ដល់ស្មារតី និងអារម្មណ៍របស់ជន ដែលបានសេពវា ឲ្យក្លាយជាមនុស្ស​ពោរពេញ​ទៅដោយកំហឹង ខ្វះការពិចារណា និងជាពិសេសខ្វះភាពម្ចាស់ការលើខ្លួនឯង ដែលអាចបង្កឲ្យ ខ្លួនអាចប្រព្រឹត្តិនូវទង្វើមិនល្អមួយចំនួន បានគ្រប់ពេលវេលា​ ហើយ​ចំពោះ​ប្អូនៗជាយុវជនយុវតី ដែលបានប្រើប្រាស់វាហើយនោះ អាចបែកអារម្មណ៍បោះបង់ការសិក្សា ដើរចូលហ្វូងសង្គមបងតូចបងធំ និងអាចប្រព្រឹត្តឹ​សកម្មភាព​ភាពមួយចំនួន ដែលសង្គម​ជាតិកំពុងស្អប់ខ្ពើម ដូចជាអំពើរ លួច ឆក់ ប្លន់ ជាដើម។

លោកបន្ថែមថា «គ្រឿងញៀន ជាសារធាតុញៀនដែលបំផ្លាញសង្គមមនុស្សទូទៅ មិនថាក្មេងចាស់ ពិសេសសង្គមជាតិទាំងមូលឲ្យធ្លាក់ចូលក្នុងភ្លក់ភ្លើង ដោយសារវា ដូច្នេះសូមបងប្អូនចូលនិយាយថា ទេចំពោះគ្រឿងញៀន គ្មានគ្រឿងញៀនប្រទេសជាតិ នឹងសម្បូរសប្បាយរីកចម្រើន ពិសេសសង្គមមនុស្ស នឹងមានការអប់រំល្អច្រើនបន្ថែមទៀត»

ជាមួយគ្នានោះ លោកប្រធានអនុសាខាកាកកបាទក្រហម ​ក៏នាំនូវការផ្ដាំផ្ញើ ក្តីនឹករលឹក ពីសំណាក់សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន​ ថ្វីត្បិតតែ​ពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេច តែងស្ថិតនៅក្បែរបងប្អូនជានិច្ច ដែលសម្ដេចតែងតែ ក្រើនរំលឹកដល់មន្ត្រីក្រោម​ឱវាទ​ឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវ​មើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា។

សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូន ក្នុង១គ្រួសារៗ ទទួលបាន មី, ទឹកស៊ីអ៊ីវ, ទឹកត្រី, ទឹកសុទ្ធ, អង្គរ១ប៉ាវ ៣០គីឡូក្រាម, ឃីត១ឈុតមាន មុង ភួយ ក្រមា និងថវិកា ក្នុង១គ្រួសារ ៣ម៉ឺនរៀលផងដែរ៕