(ភ្នំពេញ)៖ លោក ម៉ក់ ប៊ុណ្ណា មេធាវីតំណាងអោយ លោកឧកញ៉ា តុប វីរាដា បានចេញមុខធ្វើការអះអាងថា លោកឧកញ៉ាតុប វីរាដា មិនមានពាក់ព័ន្ធអ្វីជាមួយនឹង ក្រុមហ៊ុនយូនីគ្រីន នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី តទៅទៀតនោះទេ។

ការចេញមុខបដិសេធខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានចោទប្រកាន់មួយចំនួន ថាលោកឧកញ៉ាតុប វីរាដា ដែលជាម្ចាស់ក្រុមហ៊ុន យូនីគ្រីន នៅស្រុកកោះញែក ខេត្តមណ្ឌលគិរីនោះ កំពុងតែរកស៊ីកាប់ឈើពីខាងក្រៅ ដឹកចូលក្នុងបរិវេណដីក្រុមហ៊ុន។

លោកមេធាវីបានអះអាងថា លោក ឧកញ៉ាតុប វីរាដា ពីមុនមកធ្វើការអោយក្រុមហ៊ុនយូនីគ្រីន នៅស្រុកកោះញែកពិតប្រាកដមែន តែបានឈប់យូរហើយ ហើយក៏មិនមែន ជាម្ចាស់ក្រុមហ៊ុននោះដែរ។ បច្ចុប្បន្នលោកឧកញ៉ាតុប វីរាដា រកស៊ីមុខរបរផ្សេង មិនមានពាក់ព័ន្ធជាមួយក្រុមហ៊ុនយូនីគ្រីនទៀតនោះទេ។

ការចេញមុខមកបំភ្លឺជាសាធារណៈនេះ គឺដើម្បីកុំអោយសាធារណជនមានការភ័ន្តតទៅទៀត​។ ដូច្នេះបើនៅតែមានការចោទប្រកាន់គ្មានការពិតតទៅទៀត​ ក្នុងនាមជាមេធាវីការពារក្ដី អោយឧកញ៉ានឹងចាត់វិធានការទៅតាមផ្លូវច្បាប់​៕​