(ភ្នំពេញ)៖ ក្មេងកំព្រា អនាថាចំនួន៥៨នាក់ ត្រូវបានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានចុះប្រមូលនៅតាមដងផ្លូវសាធារណ: ដើម្បីយកទៅចិញ្ចឹម និងប្រគល់ជូនអង្គការមួយចំនួនដែលធ្វើការលើកុមារ។

លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា «យើងធ្វើសមាហរណកម្ម ប្អូនៗ យុវជន និងក្មេងៗកំព្រា អនាថាដើរសុំទានតាមដងផ្លូវ តាមភ្លើងស្តុប ឬក្មេងខ្សោយសតិបញ្ញា ទៅក្នុងសង្គម តាមរយ:អង្គការជាដៃគូចំនួន៣៥អង្គភាព ដើម្បីអោយពួកគាត់ មានចំណេះជំនាញខ្លះៗ ក្នុងការចិញ្ចឹមជីវិត ទៅថ្ងៃអនាគត»

លោក សន សុផល បានលើកឡើងបែបនេះ ខណ:លោកបានជូនដំណើរ ជនអនាថាក្មេងកំព្រា ក្មេងខ្សោយសតិបញ្ញា ក្មេងដើរសុំលុយតាមដងផ្លូវ តាមភ្លើងស្តុប ទៅតាមអង្គការ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវ: ដល់ពួកគេចំនួន៥៨នាក់ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ។

លោក សន សុផល បានបញ្ជាក់ទៀតថា នេះគឺជាការឆ្លើយតបទៅហ្នឹងសកម្មភាពមនុស្សធម៌ ជំរុញមិនអោយមាននរណាម្នាក់ថា «ស្លាប់ដោយគ្មានបាយទទួលទាន ឬដោយសារអាជ្ញាធរ យើងមិនបានដឹងនោះទេ»

ជាមួយគ្នានេះ លោកប្រធានមន្ទីរក៏អរគុណដល់អង្គការជាដៃគូ ដែលបានសហការទទួលយកកុមារអនាថា ក្មេងកំព្រា ឬជនមានសតិមិនប្រក្រតីទាំងនេះ ទៅបណ្តុះបណ្តាល ផ្តល់ជំនាញដល់ពួកគាត់។

ដោយឡែក ចំពោះក្មេងៗដែលមានឪពុកម្តាយ បណ្តោយអោយកូនៗដើរសុំទានតាមផ្លូវនោះ បើចង់យកកូនៗត្រឡប់ទៅវិញ គឺខាងអង្គការ ជួយបងៀនជំនាញរយ:ពេលកន្លះឆ្នាំសិន ទើបអនុញ្ញាតអោយត្រឡប់ទៅវិញ៕