(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន​ដឹកនាំគណៈ​​ប្រតិ​ភូ​​ ក្រសួងទេសចរណ៍ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ទេសចរណ៍អាស៊ានលើកទី២០ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ ចាប់​ពីថ្ងៃទី១៧ ដល់​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នាឱកាសវេទិកាទេសចរណ៍​អាស៊ាន ឆ្នាំ២០១៧ នៅ​ប្រទេស​សឹង្ហបុរី។

រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសសមាជិកទាំងអស់របស់អាស៊ាន នឹង​ធ្វើការប្រជុំពិនិត្យ​ និង​សម្រេច​លើចំណុចសំខាន់ៗ​ មួយ​ចំនួន​ដូចជា៖

* ពិនិត្យ​បច្ចុប្បន្ន​ភាពនៃ​ការ​រីកចម្រើននៃវិស័យ​ទេសចរណ៍​ក្នុង​តំបន់

* ពិនិត្យវឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​ទេសចរណ៍​អាស៊ាន ២០១៦-២០២០ (ATSP 2016-2020)

* ពិនិត្យកម្មវិធី និង​សកម្ម​ភាពនៃការ​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ានគំរប់ខួប ៥០ឆ្នាំ នៃការ​បង្កើត​អាស៊ាន ក្រោម​ពាក្យ​ស្លោក Visit ASEAN@50: Golden Celebration Campaign (ដែលនឹងត្រូវប្រកាសផ្សព្វផ្សាយជាផ្លូវការនៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាននាថ្ងៃ១៨ ខែមករា នៅសិង្ហបុរី)

* ពិនិត្យការ​អនុវត្ត​ស្តង់ដាគុណភាព​អាស៊ាន រួមមាន៖ ស្តង់ដាសណ្ឋាគារបៃតង​អាស៊ាន (ASEAN Green Hotel Standard) ស្តង់ដាបង្គន់សាធារណៈ​​​អាស៊ាន (ASEAN Public Toilet Standard) ស្តង់ដាស្ប៉ា និង​សុខុមាលភាពអាស៊ាន (ASEAN Spa and Wellness Standard) ស្តង់ដាទេសចរណ៍សហគមន៍អាស៊ាន (ASEAN Communities Based Standard) ស្តង់ដាផ្ទះស្នាក់អាស៊ាន (ASEAN Home Stay Standard) និង​ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ASEAN Clean City Standard)

* ពិនិត្យ​វឌ្ឍនភាពនៃការអនុវត្តកិច្ច​ព្រម​ព្រៀងទទួលស្គាល់​គ្នាទៅវិញទៅមក​លើ​អ្នក​ជំនាញ​ទេសចរណ៍​អាស៊ាន (ASEAN MRA-TP)
* ពិនិត្យ និង​សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​ស្តង់ដា MICE អាស៊ាន ព្រម​ទាំងគោលការណ៍​វាយតម្លៃ ​និង​សវនកម្ម
* និង​ពិនិត្យ​សម្រេច​លើ​គោលការណ៍ណែនាំស្តីពី​ ការ​ផ្តល់​រង្វាន់​លើ​ការ​ប្រកួត​ស្នាដៃ​លើការអភិវឌ្ឍ​ទេសចរណ៍​ផ្អែកលើ​គោលការណ៍និរន្តរភាព​ (ASEAN Sustainable Tourism Award) ។

ស្របជាមួយកិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ានលើកទី២០ខាងលើនេះ ក៏នឹងមានរៀបចំកិច្ច​ប្រជុំពាក់ព័ន្ធមួយចំនួន​ដូចជា ​កិច្ច​ប្រជុំ​ថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបី៖អាស៊ាន+ចិន-ជប៉ុន-កូរ៉េ,ឥណ្ឌា,រុស្សីព្រម​ទាំងកិច្ច​ប្រជុំ​ជាមួយ​ដៃគូរអន្តរជាតិធំៗដូចជា៖ អង្គការ​ទេសចរណ៍ពិភពលោក (UNWTO) ក្រុម​ប្រឹក្សាទេសចរណ៍ និង​ធ្វើដំណើរពិភពលោក (WTTC) សមាគមធ្វើដំណើរ​អាស៊ី​ប៉ាស៊ីហ្វិក (PATA) សមាគមន៍ទីភ្នាក់ងារធ្វើដំណើរអាស៊ាន (ASEAN TA) ជាដើម។

ឆ្លៀតក្នុងឱកាសនេះ​ លោកបណ្ឌិត​ ថោង ខុន នឹងជួបប្រជុំ​ទ្វេភាគីជា​មួយរដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ាន (ប្រទេសឡាវ និងប្រទេស​ថៃ) ក៏ដូចជា​ដៃគូរអភិវឌ្ឍន៍នានា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។

​សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ នៅក្នុងវេទិការទេចរណ៍អាស៊ាន ATF នេះកម្ពុជា ក៏បានសហការជាមួយផ្នែកឯកជនចូលរួមក្នុងពិពណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដែលមកពី ៦៥ប្រទេស ដែលមានស្តង់ពិពណ៌ជាង៥០០ មានអ្នកទិញ Buyers ចំនួនជាង៥០០ និងអ្នកលក់ Sellers ជាង ៤០០ ក្រុមហ៊ុន ផងដែរ។ព្រមជាមួយនេះ សម្រាប់កម្ពុជា គឺមានសហគមទេសចរណ៍ចំនួន០៣ (សហគមជីផាត​ កោះទ្រង់ និងចំបក់) និងផ្ទះស្នាក់ចំនួន ០៥ ​(ផ្ទះស្នាក់ Khmer Homestay មកពីខេត្តកំពង់ធំ ផ្ទះស្នាក់ ស៊ិម ហឹម មកពីខេត្តកំពត ផ្ទះស្នាក់ កុង សៃ មកពីខេត្តកំពង់ស្ពឺ ផ្ទះស្នាក់ សេង ចាន់ណា មកពីខេត្តសៀមរាប និងផ្ទះស្នាក់ Ear Sothy Homestay មកពីខេត្តកោះកុង) ដែលនឹងត្រូវទទួលរង្វាន់នាឱកាសវេទិកាទេសចរណ៍អាស៊ាន នេះផងដែរ៕