(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា បញ្ហាកូដកម្ម បាតុកម្ម នៅតាមរោងចក្រសហគ្រាសនៅកម្ពុជា ឆ្នាំ២០១៦ បានថយចុះយ៉ាងច្រើនបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥។

លោក ហេង សួរ បានអះអាងថា រយៈពេល១២ខែ ឆ្នាំ២០១៦ បញ្ហាកូដកម្ម បាតុកម្មរបស់កម្មករនៅតាមរោងចក្រ សហគ្រាស នៅក្នុងប្រទេសកម្ពុជាកើតចំនួន ២២០ករណី ខណៈដែលឆ្នាំ២០១៥ រយៈពេល១២ខែដូចគ្នានេះ មានកូដកម្មបានកើតឡើង តាមរោងចក្រ សហគ្រាសរហូតដល់ទៅចំនួន៣៣៦ករណី ដែលកត្តានេះបានថយចុះជាង១០០ករណី ដោយសារតែការខិតខំរបស់ក្រសួងផង និងការយល់ដឹងរបស់កម្មករ និយោជក និងភាគីពាក់ព័ន្ធហើយមិនប្រែប្រួល ទៅតាមការញុះញង់របស់អ្នកនយោបាយផង។

លោកបានថ្លែងយ៉ាងដូច្នេះថា «ការថយចុះនៃចំនួនកូដកម្មនេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ផ្ទាល់តែម្តងគឺលោកបានដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់ តម្រូវឲ្យមន្ត្រីផ្សះផ្សារវិវាទ ត្រូវចុះទៅដោះស្រាយភ្លាមៗពេលដែលមានវិវាទកើតឡើង ហើយអធិការកិច្ចការងាររបស់ក្រសួងត្រូវដាក់ពិន័យ និងបង្គាប់បញ្ជាពិន័យដល់និយោជក ក្នុងករណីដែលវិវាទនោះគឺជាកំហុសរបស់ថ្នាក់គ្រប់គ្រងរបស់រោងចក្រសហគ្រាស។ ក្នុងករណីដែលឈានទៅដល់កូដកម្ម ក៏គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានចុះទៅដោះស្រាយ និងកោះអញ្ចើញភាគីពាក់ព័ន្ធមកធ្វើការជួបប្រជុំភ្លាម ដែលជាហេតុធ្វើឲ្យកូដកម្ម មិនមានភាពរ៉ាំរ៉ៃ់អូសបន្លាយពេលវេលា»

អ្នកនាំពាក្យក្រសួងការងារ បានបន្ថែមថា «ការថយចុះនៃចំនួនកូដកម្មនេះ ក៏បង្ហាញឲ្យឃើញភាពចាស់ទំុនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ ថ្នាក់ដឹកនាំសហជីព និងនិយោជកកាន់តែយល់ដឹងច្បាស់អំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ខ្លួន ជាពិសេសគឺតម្កល់ផលប្រយោជន៍រួមរបស់គ្នាទៅវិញទៅមក។ អ្នកនយោបាយ ដែលធ្លាប់យកបញ្ហាឆ្នាំងបាយ របស់កម្មករនិយោជិតជាឧបករណ៍ប្រជាភិថុត និងល្បែងនយោបាយ ដូចជាបានអំពាវនាវឲ្យបរទេសសហគមន៍អ៉ឺរ៉ុប ដាក់ទណ្ឌកម្មមកលើកម្ពុជានោះ គឺមិនហ៑ានធ្វើដូច្នោះ ឬហ៑ានញុះញង់បន្តទៀតទេពីព្រោះ ទង្វើនោះត្រូវបានទទួលការថ្កោលទោសយ៉ាងខ្លាំងក្លាពីកម្មករនិយោជិត»។

លោកថា «ការថយចុះនៃកូដកម្មនេះ ជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រសួង និងភាគីពាក់ព័ន្ធ។គឺភាគីពាក់ព័ន្ធទាំងអស់ចង់ធ្វើឱ្យកូដកម្ម បញ្ហាសិទ្ធិ និងផលប្រយោជន៍របស់កម្មករ និយោជិត គឺជារឿងបច្ចេកទេស គឺជារឿងដែលអនុវត្តទៅតាមច្បាប់ មិនមែនជារឿងអ្នកនយោបាយដែលយកវាទៅធ្វើជាឧបករណ៍ ហើយធ្វើឱ្យបញ្ហាទំនាក់ទំនង ប្រែប្រួលទៅតាមសភាពការណ៍នយោបាយទេ គឺយើងចង់ប្រែក្លាយទំនាក់ទំនងវិជ្ជាជីវៈនេះ ទៅជាយន្តការមួយហើយអាចអនុវត្ត បាននៅគ្រប់កាលៈទេសៈ»

របាយការណ៍របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៦ កន្លងទៅនេះ បញ្ហាបាតុកម្ម កូដកម្ម នៅតាមរោងចក្រនានាក្នុងប្រទេសកម្ពុជា បានកើតឡើងចំនួន ២២០ករណី ក្នុងនោះមាន ២១៤ករណី ត្រូវបានដោះស្រាយរួចរាល់ ខណៈ ៦ករណីផ្សេងទៀត មិនទាន់ជាសះ។ បញ្ហាកូដកម្ម បាតុកម្ម នៅឆ្នាំ២០១៦ កើតឡើងនៅរោងចក្រ-សហគ្រាសចំនួន ២១១កន្លែង ដោយមានកូដករសរុប ៥៤,៩៧៨នាក់ ក្នុងនោះត្រូវដោះស្រាយសះជាចំនួន ២០៥រោងចក្រ ២១៤ករណី និងមិនសះជា ០៦ករណី។

លោក​ ហេង សួរបានបញ្ជាក់បន្ថែមទៀតថា «បញ្ហាប្រាក់ឈ្នួលអប្បរមាក៏ត្រូវបានក្រសួងសហការជាមួយអង្គការ ILO ដោះស្រាយទៅតាមលក្ខណវិទ្យាសាស្ត្រ មានរូបមន្ត យន្តការ និងកាលវិភាគច្បាស់លាស់ ជាពិសេសបានធ្វើការក្នុងក្របខណ្ឌកាន់តែទូលាយជាងមុន ដែលជាហេតុធ្វើឲ្យភាគីពាក់ព័ន្ធកាន់តែយល់ច្បាស់ជាងអ្នកនយោបាយ ដែលកន្លងមកដាក់តួលេខតាមការយលសប្តិ មិនមែនដាក់តាមលក្ខណវិទ្យាសាស្ត្រ»។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ជាពិសេសភាគីសហជីព ដែលមានការខិតខំកសាងសមត្ថភាព មានភាពអត់ធ្មត់ និងចាស់ទំុជាងមុននៅក្នុងការដោះស្រាយបញ្ហានានា ដែលជាហេតុធ្វើឲ្យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា កាន់តែមានលក្ខណល្អប្រសើរឡើង៕