(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សហការជាមួយអគ្គនាយកដ្ឋាន ឧត្ដមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាល មួយដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត សរុបជាងចំនួន៦០នាក់ លើប្រធានបទស្ដីពី «ការកសាងសមត្ថភាពអ្នកស្រាវជ្រាវវ័យក្មេង» ដែលមានវត្ដមានវាគ្មិនល្បីៗ ដែលមានចំណេះដឹងនិងបទពិសោធជ្រៅជ្រះ និងទទួលបានជោគជ័យ ក្នុងកិច្ចការស្រាវជ្រាវជាច្រើនឆ្នាំ ចូលរួមផងដែរ។

ថ្លែងក្នុងកម្មវិធីបើកអង្គពិធីសិក្ខាសាលាកាលពីចុងសប្ដាហ៍ លោក ម៉ក់ ងយ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ និងធ្វើឲ្យសិស្សនិស្សិតទទួលបានចំណេះដឹង និងបទពិសោធន៍ច្រើនក្នុងការសិក្សា ពិសេសឲ្យពួកគាត់ កាន់តែច្បាស់ពីអត្ថប្រយោជន៍ នៃការស្រាវជ្រាវ ដែលធ្វើចំណេះដឹងគាត់ កាន់តែទូលំទូលាយ បន្ថែមពីការសិក្សាពីលោកគ្រូ-អ្នកគ្រូ។

លោកបន្ដថា អគ្គនាយកដ្ឋានឧត្តមសិក្សា និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងការងារកសាងសមត្ថភាពស្រាវជ្រាវ ដើម្បីមានលទ្ធភាពទាញយកមូលធិនិកាន់តែច្រើន ដើម្បីធ្វើការពង្រីក កម្មវិធីឧត្ដមសិក្សា ឲ្យសម្រេចដល់ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់កម្ពុជា ដែលពេលនោះ កម្ពុជានឹងក្លាយទៅជាប្រទេសរីកចម្រើនដែលមាន ចំណូលខ្ពស់ គឺទាមទារឱ្យមានវប្បធម៌នៃការស្រាវជ្រាវជាចាំបាច់ ដែលកើតចេញពីអ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ចាប់ពេលនេះតទៅ។

លោកក៏បានកើតសរសើរចំពោះការរីកចម្រើន និងសក្ដានុពល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានរៀបចំឱ្យមានសិក្ខាសាលានេះឡើង ក្នុងគោលបំណង ជំរុញការស្រាវជ្រាវឱ្យកាន់តែប្រសើរ។

លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំនូវចក្ខុវិស័យ បេសកកម្ម និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការស្រាវជ្រាវដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ឱ្យមានសមត្ថភាពដើម្បីប្រកួតប្រជែងដោយស្មើមុខក្នុងតំបន់ ក៏ដូចជាពិភពលោក។

លោកបន្ថែមថា ថ្ងៃនេះ ជាថ្ងៃមួយដ៏សំខាន់ ក្នុងការកសាងអ្នកស្រាវជ្រាវថ្មី មានវ័យក្មេង ឮមានថាមពល និងមានសុឆន្ទៈក្នុងការស្រាវជ្រាវ ដែលជ្រើសរើស ចេញពីមហាវិទ្យាល័យនីមួយៗ និងអង្គភាពគ្រប់គ្រងថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយសង្ឃឹមថា ផ្តើមចេញពីការចេះដឹងថ្ងៃនេះ មហាវិទ្យាល័យនីមួយៗ ដែលមានអ្នកស្រាវជ្រាវថ្មីនឹងចេញដំណើរ ស្វែងរកថវិកា ឬមូលនិធិ ដើម្បីធ្វើការស្រាវជ្រាវ ផលិតស្នាដៃផ្សេងៗទៅតាមការវិវត្តថ្មីៗនៃសង្គមបច្ចុប្បន្ន៕