(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក (យប់៩លើក) បណ្ដាលឲ្យមនុស្សស្លាប់១២នាក់ របួសធ្ងន់១១នាក់ និងរបួសស្រាលចំនួន១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៧ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន៣០គ្រឿង រួមមានម៉ូតូ ចំនួន១៥គ្រឿង រថយន្ដធុនតូចចំនួន៧គ្រឿង, រថយន្ដធុនធំ៧គ្រឿង និងយានកែច្នៃ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៨លើក, ស្រវឹង១លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង១លើក, មិនគោរពសិទ្ធិ១លើក និងស្រវឹង១លើក។

សូមបញ្ជាក់ថារយៈពេល១៦ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរ ណ៍កើតឡើងចំនួ​ន​១៩៥លើក បណ្ដាលឲ្យស្លាប់៩៩នាក់ របួសធ្ងន់ចំនួន១៨៥នាក់ និងរងរបួសស្រាលចំនួន១០៣នាក់៕