(ភ្នំពេញ)៖ តំណាងគណបក្សសង្គ្រោះជាតិបានបរាជ័យម្ដងទៀតហើយ ក្នុងការប្ដឹងប្រជាពលរដ្ឋ៤៥នាក់ថា ជាជនបរទេស ដើម្បីឱ្យគ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​ដំបូង ខណៈ​តំណាងប្រជាពលរដ្ឋទាំង៤៥នាក់ទៀតថា ត្រូវតែរក្សាទុក​ឲ្យនៅដដែល ព្រោះ​ប្រជាពលរដ្ឋទាំង​នោះ មានឯកសារ គ្រប់​គ្រាន់​តាមផ្លូវច្បាប់ និងអាចចូលរួម​បោះឆ្នោតបាន​នៅពេលខាងមុខ ។​

ការបរាជ័យរបស់ CNRP ក្នុងការប្ដឹងចោទប្រជាពលរដ្ឋទាំង ៤៥នាក់ថា ជាជនបរទេស ដើម្បីលុបឈ្មោះ​ចេញពីបញ្ជីបោះឆ្នោតដំបូងនេះដែរ បានធ្វើឡើងក្នុងសវនាការ​ក្ដីមួយ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅទីស្នាក់ការ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រវាងលោក លីន ញ៉ក់ និងលោក សន សោភ័ណ្ឌ តំណាងប្រជា​ពល​រដ្ឋទាំង៤៥នា​ក់ និងតំណាងគណបក្សសង្គ្រោះជាតិ មានលោក ឯល កទៀ​ត​ និងលោក​ ឌីណា​ កុសល ​ព្រមទាំងដំណើរការ​នៃសាវការ​ជំនំជម្រះ​ក្ដីមានលោក វ៉ាន់​ ផន ប្រធានក្រុមប្រឹក្សាសង្កាត់ រួមនិងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ ជាច្រើននាក់ផងដែរ ។

ក្នុងសវនាការក្ដីនេះ លោក ឯល​ កទៀត​ និងលោក​ ឌីណា​ កុសល​ តំណាងគណបក្សសង្គ្រោះជាតិ បានលើកឡើងដូចៗគ្នាថា មានប្រជាពលរដ្ឋចំនួន៤៥នាក់ ដែលមាន​ឈ្មោះ​ក្នុងបញ្ជីបោះ​ឆ្នោតទាំង៧​ការិយា​ល័យ របស់សង្កាត់ច្រាំងចំរេះ ទី១ ខណ្ឌឫស្សីកែវ ត្រូវបានអ្នកសង្កេតឃើញថា ជាជនបរទេសដោយផ្អែកលើមូលហេតុមួយចំនួនថា មានសាក្សីស្គាល់ពលរដ្ឋទាំង៤៥នាក់ច្បាស់ តាំងពីឆ្នាំ១៩៧៩មកម្លេះ និងសំណូមពរឲ្យមានប្រធានសមាគមវៀតណាមមានវត្តមាននៅក្នុងសាវនាការក្ដីនេះផងដែរ ដើម្បី​ចូល​រួម​វិនិឆ្ឆ័យ ព្រមទាំងស្នើឲ្យប្រធានក្រុមប្រឹក្សាសង្កាត់ជួយលុបឈ្មោះអ្នកទាំងនោះ​ចោលចេញ​​ពីបញ្ជីបោះ​ឆ្នោតដំបូង ដោយមិនអនុញាតឲ្យ បោះឆ្នោតបានឡើយ ។

ពាក់ព័ន្ធតំណាងគណបក្សសង្គ្រោះជាតិ បានប្ដឹងចោទទៅលើ​ប្រជាពលរដ្ឋ​ទាំង៤៥នាក់ថា ជាជនបរទេស ដើម្បីលុបឈ្មោះចេញ​ពីបញ្ជីបោះឆ្នោតដំបូងនេះដែរ លោក លីន ញ៉ក់ ដែលជាចុងចម្លើយ តំណាងប្រជាពលរដ្ឋទាំង៤៥នាក់ បានលើកឡើងថា លោកមិនបាន​ការពារជនបរទេសទេ តែលោក ក៏មិនព្រមឲ្យគេចោទខ្មែរថា ជាជនបរទេស​បានដែរ ។

លោកថា ម្យាងទៀត ពលរដ្ឋទាំងនេះ អាចទៅចុះ​ឈ្មោះបោះឆ្នោត បាន ដោយសារតែមានអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ។  បន្ថែមពីនេះ លោក សន សោភ័ណ្ឌ ដែលជា​ចុងចម្លើយតំណាងប្រជាពលរដ្ឋទាំង៤៥នាក់ ក៏បានលើកឡើងផងដែរថា តាមច្បាប់នៃមាត្រាទី១២៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ​ធានាឲ្យមានបញ្ជីបោះ​ឆ្នោតសម្រាប់ការិយាល័យ​​បោះឆ្នោតនីមួយៗ ដែលបានបង្កើតឡើងតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា២២និងមាត្រា២៣នៃច្បាប់នេះ ។

លោកបន្តថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។

លោកបន្តទៀតថា ១-មានសញ្ជាត្តិខ្មែរ ២-មានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត ៣-មានលំនៅដ្ឋាន ឫទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាម៉ីខ្លួនត្រូវបោះឆ្នោត ៤-មិន ត្រូវស្ថិតក្នុងស្ថាន​ភាពជាប់​ព័ន្ធនាគារ ឫមិនត្រូវបានដកសិទ្ធិ បោះឆ្នោត ៥-ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ​ដោយមានលិខិត​បញ្ជាក់ពី​ក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ បែបបទនិតិវិធីនៃការចុះឈ្មោះបោះឆ្នោត និង ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដូចមានចែងក្នុងច្បាប់ ស្ដីពី ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ត្រូវបានយកមកអនុ វត្ត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លើកលែង​តែមាត្រា៤៧​នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។

ទោះបីយ៉ាងណា សវនាការ រវាងតំណាងប្រជាពលរដ្ឋនិងតំណាងគណសង្គ្រោះជាតិ ត្រូវបានលោក វ៉ាន់ ផន ប្រធានក្រុមប្រឹក្សាសង្កាត់ជំនំជម្រះក្ដី ច្រានចោលការប្តឹង​ជំទាស់របស់ «CNRP» ហើយអនុម័តចំនួន ០៥សំឡង លើ០៩សំឡេង ដោយ សម្រេចរក្សាទុកប្រជាពលរដ្ឋទាំង៤៥នាក់ ដែលមាន ឈ្មោះក្នុងបញ្ជីបោះ​ឆ្នោត​រួចហើយ ឲ្យនៅដដែល និងមានសិទ្ធិក្នុងការចូលរួមបោះ​ឆ្នោតគ្រប់ៗគ្នាបាន​នៅពេលខាងមុខដូចប្រជាពលរដ្ឋដទៃទៀតផងដែរ ៕