(ភ្នំពេញ)៖ មគ្គទ្ទេសក៍ទេសចរណ៍មួយរូបនៅក្នុងខេត្តសៀមរាប បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា មានជនបរទេសមួយចំនួនដូចជា ចិន កូរ៉េ និងវៀតណាមជាដើមនោះ បានព្យាយាមបានព្យាយាមដើរតួធ្វើជាមគ្គទ្ទេសក៍សម្រាប់ជនជាតិរបស់ពួកគេជំនួសមគ្គទ្ទេសក៍ជាជនជាតិកម្ពុជា។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ មគ្គទ្ទេសក៍ ដែលសូមមិនបង្ហាញឈ្មោះ បានថត និងចូលទៅហាមឃាត់បុរសជនជាតិចិនម្នាក់ ពេលបុរសជនជាតិចិនរូបនោះ កំពុងដើរនាំភ្ញៀវទេសចរជនជាតិចិនមួយក្រុមដើរលេងក្នុងតំបន់ទេសចរណ៍អង្គរ ដោយពុំមានមគ្គទ្ទេសក៍ជនជាតិខ្មែរនោះឡើយ។

មគ្គទ្ទេសក៍រូបនោះបានបញ្ជាក់ដូច្នេះ «បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ភាពអនាធិបតេយ្យជាច្រើននៅ​តំបន់អង្គរដោយសារ​ជនបរទេសមួយ​ចំនួនដើរតួរជា​មគ្គទ្ទេស​ក៍ផ្ទាល់ ដោយប្រើប្រាស់រូបភាពជាតៃកុងឡាន ជា Tour Leader ជាអ្នកបកប្រែបន្តជាដើម។ សកម្មភាពខុសច្បាប់ទាំងអស់នេះ ជាការរំលោភច្បាប់ទាំង​ស្រុងស្តីពី​ច្បាប់​ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់គុណភាពសេវាទេសចរណ៍ នៃប្រទេសកម្ពុជាយើង។ វត្តមានជន​បរទេស​ទាំងនេះ កំពុងបង្កឱ្យមាន​ភាពអនាធិបតេយ្យ និងធ្វើឱ្យទីផ្សារការងារទេសចរណ៍របស់ពលរដ្ឋកម្ពុជា ដែលជាម្ចាស់ប្រទេស រងការគំរាមកំហែង​យ៉ាងខ្លាំង»

ប្រកាសរបស់ក្រសួងទេសចរណ៍កាលពីខែកញ្ញា ឆ្នាំ២០០៦ បានចែងថា មគ្គទ្ទេសក៍ទេសចរណ៍ គឺជាបុគ្គលដែលទតួលនាំភ្ញៀវទេសចរជាតិ អន្តរជាតិ ធ្វើទស្សនកិច្ចកម្សាន្ត​នៅតាមគោលដៅទេសចរណ៍ផ្សេងៗក្នុងប្រទេស ព្រមទាំងធ្វើអត្ថាធិប្បាយបកស្រាយជូនភ្ញៀវទេសចរអំពីភូមិសាស្រ្តប្រវត្តិសាស្រ្ត រមណីយដ្ឋាន ប្រាសាទ បេតិកភណ្ឌ ជាតិ វប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គម ដោយប្រើប្រាស់ចំណេះដឹងជាភាសាជាតិ ឬ បរទេស ដែលមានការ​បណ្តុះ​បណ្តាល និងទទួលស្គាល់ពីក្រសួងទេសចរណ៍។ មគ្គទ្ទេសក៍ទេសចរណ៍ត្រូវមានដើមកំណើតជាជនជាតិកម្ពុជា។

មគ្គទ្ទេសក៍ទេសចរណ៍ ដែលសុំលាក់អត្តសញ្ញាណ បានស្នើឲ្យមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រសួងទេសចរណ៍ សមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់ និងពង្រឹងច្បាប់​ទេសចរណ៍កម្ពុជាឲ្យបានតឹងរឹង ដើម្បីធានាការពារផលប្រយោជន៍ប្រជាជនកម្ពុជា។ មគ្គទ្ទេសក៍រូបនេះ ក៏ស្នើទៅដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យជន​បរទេសទាំងឡាយ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប ជាពិសេសជនជាតិចិន បើពុំនោះទេ ឧស្សាហកម្មទេសចរណ៍កម្ពុជា នឹងរងផលប៉ះពាល់៕