(រតនគិរី)៖ គណៈបញ្ជាការឯកភាពខេត្តរតនគិរី ក្រោមការដឹកនាំផ្ទាល់ពីលោក ថង សាវុន អភិបាលខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និង កម្លាំងយោធា បានរួមគ្នាបង្ក្រាបបទល្មើសន្ដិសុខ ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព បាន ៩៧លើក និងឃាត់បានជនសង្ស័យពាក់ព័ន្ធ ១៥៣នាក់។

នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តរតនគិរិ ដែលបានបង្ហាញនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ក្នុងសន្និបាតបូកសរុបលទ្ធការងារសម្រាប់ឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្ដសម្រាប់ឆ្នាំ២០១៧។ សន្និបាតនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី លី ធុជ និងមានការអញ្ជើញចូលរួមផងដែរពី លោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមកងកម្លាំងប្រដាប់អាវុធ និងពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

របាយការណ៍ដែលដាក់បង្ហាញនោះ បានឲ្យដឹងថា​ លទ្ធបង្ក្រាបបទល្មើសទូទាំងខេត្តសរុប ​៩៧លើក ស្មើនឹង ​១៥៣មុខសញ្ញាលើ​ ៤៥លើក ស្មើនឹង​ ៦៨​មុខសញ្ញា ក្នុងនោះដកហូតវត្ថុតាងរួមមាន៖ អាវុធវែង ​១ដើម, អាកាស្វាយបត់​ ១ដើម, អាវុធខ្លី​ ១ដើម, គ្រាប់កាំភ្លើង ​២៩គ្រាប់, ម៉ូតូ​ ៨គ្រឿង, ពូថៅ​១, កូនសោរតាកេ​១, កាំបិតផ្កាក់​១, កាំបិតក្វែវ១, ដែកបំពង់ទីប​១, ក្វែវជម្រះស្មៅ​១, រូបចម្លាក់សេះ​១គូ, កន្រ្តៃកាត់មែកឈើ​១, ម៉ូទ័រស្វាន​១, សាច់ក្របីមួយចំនួន, ថ្នាំញៀន​ ១ថង់ធំ ៦១ថង់តូច ស្មើនឹង ១៣៤.១៤ក្រាម, មេតាហ្វេតាមីន​៩គ្រាប់, កេតាមីន ​៨ថង់ ស្មើនឹង ៥,៨៣ក្រាម, អ៉ិចស្តាស៊ី​ ១ថង់, ថ្នាំក្រវី ស្មើនឹង​ ១,៣៥ក្រាម, រថយន្ត​៣គ្រឿង, ម៉ូតូ​ ២០គ្រឿង, ទូរស័ព្ទ ៤៥គ្រឿង, ប្រាក់រៀលចំនួន ៥២១,១០០រៀលគត់, មាន់ជល់ ​១ក្បាល និងសន្លឹកបៀរមួយចំនួន។

បច្ចុប្បន្នបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចំនួន​៨១ករណី ស្មើនឹង​ ១០៩មុខសញ្ញា ដោយឡែកបទល្មើសដែលនៅសល់ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបន្ដទៀត។

ជាមួយនឹងការបង្ក្រាបបទល្មើសបានយ៉ាងច្រើននេះ និងដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គណៈបញ្ជាការឯកភាពខេត្ត បានបើកកិច្ចប្រជុំដកបទពិសោធន៍ ក្នុងការបន្ដយុទ្ធនាការបង្ក្រាបបាន ៦លើក ដោយមានការចូលរួមពី​ប្រធានគណៈ​បញ្ជាការឯកភាពខេត្ត សមាសភាពចូលរួមកិច្ចប្រជុំសរុបចំនួន ២៧៧នាក់ រួមមាន៖   អភិបាលរងខេត្ត មេបញ្ជាការ កងប្រដាប់អាវុធ ទាំងបី អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក​​។

ដោយឡែកក្រៅពីកិច្ចប្រជុំថ្នាក់ដឹកនាំ មន្ដ្រីជំនាញ ក៏បានធ្វើវេទិកាសាធារណៈ ស្តីពីភូមិ-ឃុំមានសុវត្ថិភាព នៅក្នុងទូទាំងខេត្ត សរុប ​១៤៣លើក មានអ្នកចូលរួមចំនួន ១២,២២១នាក់ (ស្រី​៤,២៩៨នាក់)​។ តាមរយៈវេទិកាសាធារណៈកន្លងមកនេះ គឺបានលើកយកប្រធានបទចំនួន ៩ចំណុច របស់លក្ខណៈសម្បត្តិ នៃភូមិ-ឃុំមានសុវត្ថិភាព និងលើកឡើងចំណុច ដែលស្របទៅនឹងសភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងធ្វើការបំផុសគំនិតឲ្យប្រជាពលរដ្ឋ ចូលរួមយោបល់អំពីបញ្ហារបស់ពួកគាត់។

តាមរយៈសកម្មភាពផ្សព្វផ្សាយផែនការអនុវត្ដគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» បានឆ្លុះបញ្ចាំងបង្ហាញនូវឆន្ទៈប្រជាពលរដ្ឋ ចូលរួមក្នុងចលនាប្រជាការពារភូមិ ឃុំដោយស្មារតីស្មោះស្ម័គ្រ និងសហការក្នុងសកម្មភាពរក្សា សន្តិសុខយ៉ាងជិតស្និទ្ធ ជាមួយនេះថ្នាក់ដឹកនាំខេត្ត បានពង្រឹងកម្លាំងប្រជាការពារ ដែលបច្ចុប្បន្នមានចំនួន​៦៣៨ក្រុម មានមនុស្សចំនួន ៥,៣០១នាក់ និងប៉ុស្តិ៍សន្តិសុខ នៅតាមសរុប ២៤៧ប៉ុស្តិ៍ (ក្នុងចំណោម២៤៣ភូមិ ដែលមានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង​៥០ប៉ុស្តិ៍ នៅទូទាំងខេត្ត) ព្រមទាំងបានធ្វើសកម្មភាពដើរល្បាត និងយាមប្រចាំការសរុប​៤៦០លើក៕