(កណ្តាល​)៖​ កម្មករ-កម្មការិនី​ រោងចក្រតម្បាញ Great Honour Texttile Factory Limited ចំនួន៩៧១នាក់​ បានប្រមូលផ្តុំគ្នាតវ៉ានៅក្នុងរោងចក្រ ដើម្បីស្នើសុំអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយដោះស្រាយបញ្ហាជូនពួកគាត់ ដែល​កំពុងរងគ្រោះគ្មានការងារធ្វើ គ្មានប្រាក់ឈ្នួល និងជំពាក់ថ្លៃទឹកភ្លើង ដោយសារថៅកែរត់ចោលរោងចក្រ​ មិនបើកប្រាក់ឈ្នួលឲ្យ សរុបទឹកប្រាក់ជិត៣លានដុល្លារ។

រឿងថៅកែរោងចក្រ Great Honour រត់ចោលកម្មករ និងរោងចក្រនេះ បានកើតឡើងជាយូរមកហើយ ហើយសំណុំរឿងនេះ ក៏បានជាប់គាំងនៅតុលាការ រយៈពេល៦ខែ មកហើយដែរ​ ទើបនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ កម្មករ-កម្មការិនីខាងលើ បើកការតាវ៉ាស្នើសុំអន្តរាគមន៍ពី សម្ដេចតេជោ នាយករដ្ឋមន្រ្តី តែម្ដង។

សហព័ន្ធ​សហជីពចំនួន៧​ ត្រូវបានកម្មករនៅក្នុងរោងចក្រទាំងមូល​ ពឹងពាក់ជាតំណាង ដើម្បីជួយជំរុញ និងដោះស្រាយតាមនីតិវិធី ជាបន្តបន្ទាប់​ ក្នុងនោះរួមមាន៖ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ, សហព័ន្ធសហជីពយុវជនខ្មែរ, សហព័ន្ធសហជីពមោទនភាពកម្មករខ្មែរ​, សហព័ន្ធសហជីពការងារដើម្បីកម្ពុជា, សម្ព័ន្ធសហជីពបេះដូងកម្មករខ្មែរ, សហព័ន្ធសហជីពស្មារតីកម្មករខ្មែរ និងសហព័ន្ធសហជីពកម្មករកម្ពុជា ដឹកនាំដោយលោក សោម​ អូន។

លោក សោម​ អូន​ តំណាងសហជីពទាំង៧​ នៅក្នុងការចុះពិនិត្យ និងជួបពិភាក្សាជាមួយកម្មករ​-កម្មការិនី នៅរោងចក្រ Great Honour​ នោះបានឲ្យដឹងថា រោងចក្រ​ដែលមានបញ្ហានោះ មានទៅតាំងនៅក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។​ កម្មករ​-កម្មការិនី ដែលត្រូវថៅកែរត់ចោលនោះ មានចំនួនសរុប ៩៧១នាក់ ហើយថៅកែមិនបានចេញមុខទូទាត់ប្រាក់បំណាច់ផ្សេងៗ សរុបជាទឹកប្រាក់មានចំនួន «២,៨៧៨,៧០៩ដុល្លារ»

លោក សោម អូន បានបន្តថា បច្ចុប្បន្នសំណុំរឿងនេះ បានផុតចេញពីដៃអាជ្ញាធរខេត្ត​ ហើយកំពុងស្ថិតនៅក្នុងដៃតុលាការខេត្តកណ្តាល ដែលកំពុងអូសបន្លាយការងារនេះ រហូតដល់៦ខែ​  បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពប្រចាំថ្ងៃ និងសតិអារម្មរណ៍របស់បងប្អូនកម្មករ។ ក្នុងនោះមានកម្មការិនី ១០នាក់ បានសម្រាលកូន ក្នុងអំឡុងពេលនេះ​  ដែលកាន់តែលំបាកត្រូវការជំនួយមនុស្សធម៌។

ពាក់ព័ន្ធបញ្ហានេះ តំណាងសហព័ន្ធសជីពចំនួន៧ បានធ្វើញ្ញត្តិរួមគ្នាគោរពស្នើសុំ សម្តេចតេជោ ហ៊ុន​ សែន ជួយអន្តរាគមន៍ដោះស្រាយករណីរោងចក្រខាងលើនេះ គឺទី១​.ជួយពន្លឿនលើផ្នែកប្រព័ន្ធច្បាប់តុលាការខេត្តកណ្តាល ចេញសាលក្រមលក់ទ្រព្យសម្បត្តិឱ្យបានឆាប់ និងទី២.សូមសម្តេច មេត្តាជួយផ្តល់ថវិកា បុរេប្បទានរបស់រាជរដ្ឋាភិបាលជាមុន ដូចករណីនៅរោងចក្រយ៉ុងវ៉ា ដើម្បីបើកជូនកម្មករនៅពេលដែលកម្មករ​-កម្មការិនី កំពុងជួបការលំបាក។

ជុំវិញករណីថៅកែរោងចក្ររត់ចោលរោងចកក្រនេះ តំណាងសហជីពរួមនឹងកម្មករទាំងអស់ មានជំនឿយ៉ាងមុតមាំលើចំណាត់ការរបស់ សម្តេចតេជោ ដែលអាចជួយអន្តរាគមន៍ និងពន្លឿនការដោះស្រាយករណីខាងលើនេះ ដើម្បីឱ្យកម្មករ​-កម្មការិនី ទទួលបាននូវប្រាក់បំណាច់ផ្សេងៗ ទៅតាមច្បាប់ស្តីពីការងារ និងធានាបាននូវជីវភាពរបស់កម្មករមានភាពប្រក្រតីឡើងវិញ។

កម្មការិនីឈ្មោះ សោម​ សុភាព​ អាយុ៤៣ឆ្នាំ​ បានឱ្យដឹងថា​ «ខ្ញុំធ្វើការនៅរោងចក្រនេះ រយៈពេល១៥ឆ្នាំហើយ​ តាំងពីក្មេង​រហូតដល់ពេលនេះ សុំគេចូលធ្វើការនៅរោងចក្រផ្សេង គេមិនទទួលដោយសារលើសអាយុ។​ ដូច្នេះគឺមានតែសម្តេចតេជោមួយគត់ ដែលអាចជួយដោះស្រាយដល់ពួកខ្ញុំ ដែលមានវ័យចំណាស់​ៗ ដើម្បីយកដើមទុនទៅប្រកបមុខរបរផ្សេងវិញ»

លោកស្រី សោម​ សុភាព​ បានបន្តថា​ នៅក្នុងអំឡុងពេលថៅកែរត់ចោលកម្មករ​ មានកម្មការិនី១០នាក់ បានសម្រាលកូន​ ដែលជួបការលំបាកយ៉ាងខ្លាំង ត្រូវការជំនួយមនុស្សធម៌។​ កម្មការិនីមួយចំនួន ដែលបានខ្ចីលុយធនាគារ​ គ្មានលុយបង់ឱ្យគេតាមកំណត់កំពុង ប្រឈមនឹងការរឹបអូសយកដី និងផ្ទះ​។​ អ្នកជួលផ្ទះ​កំពុងប្រឈមនឹងការបង់ថ្លៃផ្ទះ​ ទឹក​ ភ្លើង​ និងជីវភាពប្រចាំថ្ងៃ។

ចំណែកលោក ណយ​ រដ្ឋា អាយុ៤០ឆ្នាំ​ ដែលបានធ្វើការនៅរោងចក្រនេះ បាន១៨ឆ្នាំ បានទទូចដល់ សម្តេចតេជោ ហ៊ុន​ សែ​ន​ មេត្តាជួយផ្តល់ថវិកាបុរេប្រទាន​ ដល់កម្មករដូចនៅរោងចក្រយ៉ុងវ៉ា​  ហើយរដ្ឋទូទាត់គ្នាជាមួយម្ចាស់ដីរោងចក្រ តាមក្រោយនៅពេលតុលាការលក់ដី និងអគារបាន​ ព្រោះកម្មករបានរង់ចាំនីតិវិធី អស់រយៈពេល៦ខែ មកហើយ។

លោក សោម​ អូន បានអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ បន្តអត់ធ្មត់ដោយវិធីអហិង្សា​  ហើយនៅសប្តាហ៍ក្រោយលោកនឹងនាំតំណាងកម្មករ ទៅជួបលោកចៅក្រម ដែលកាន់សំណុំរឿងនេះ ដើម្បីសាកសួរព័ត៌មានបន្ថែមទៀត​៕