(ស្វីស)៖ នៅវេលាម៉ោង១៖៥០នាទីរសៀល (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា បានអញ្ជើញមកដល់ប្រទេសស្វីសដោយសុវត្ថិភាពហើយ ដើម្បីទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ រយៈពេល៤ថ្ងៃ។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងមុននេះបន្តិច។

យោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះយ៉ាងដូច្នេះថា «ខ្ញុំនិងគណៈប្រតិភូបានមកដល់ទីក្រុង Zurich នៃប្រទេសស្វីសបន្ទាប់ពីការហោះហើរចំនួន១៣ម៉ោង ក្នុងចម្ងាយ4.289Km។ ខ្ញុំសម្រាកបាន៩ម៉ោង លើយន្តហោះប្រហែលមកពីនៅកម្ពុជា ខ្ញុំធ្វើការច្រើនពែករកពេលសំរាកមិនបាន។ នៅZurich ត្រជាក់ ៤អង្សាក្រោម០ហើយ នៅដាវ៉ូស១១អង្សាក្រោម០»

គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស៊្វីសឆ្នាំនេះ នឹងប្រារព្ធឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការរៀបចំ​ប្រព័ន្ធ ពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»។

គណៈប្រតិភូជាន់ខ្ពស់ ដែលអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វ៊ីស នាពេលនេះ រួមមាន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។

នៅអំឡុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំចំនួន៨ក្នុងនោះរួមមាន៖ ទី១. ការដាក់ដំណើរការគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ភារបើកចំហរកិច្ចសហប្រតិបត្តិការរដ្ឋភិបាល-ឯកជន ទី២. ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម៖ ការកសាង និងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ ទី៣. ការប្រជុំពហុភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំពិភពលោក ទី៤. ការប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក៖ ការឆ្លើយតប និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ នៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក ទី៥. អាស៊ានក្នុងរយៈពេល៥០ឆ្នាំ៖ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម្តេច? ទី៦. ការពិភាក្សាឯកជន នៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ស្តីពីការស្រាវជ្រាវឱ្យមានដំណើរការដោយរលូន នៃបដិវត្តឧស្សាហកម្មលើកទី៤ ទី៧. វិថីអាស៊ាន ឬផ្លូវហាយវេក្នុងពិភពលោកពោរពេញដោយភាពបែកបាក់ និងទី៨ ការបង្ហាញពីការផលិត៖ តើអាស៊ានជាសហគមន៍មួយហើយឬនៅ?

ក្រៅពីនោះ សម្តេចតេជោ ហ៊ុន សែន នឹងឆ្លៀតយកឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ដើម្បីបង្ហាញពីអាស៊ាន និង ផ្សព្វផ្សាយពីប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិសេសមួយដែលមានចំណងជើង «កម្ពុជា៖ ផ្កាយកំពុងរះរបស់អាស៊ាន»។ កម្ពុជាក៏នឹងបញ្ហាជូននូវវីដេអូខ្លីមួយ ស្តីពីការរៀបចំរបស់កម្ពុជា សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានផងដែរ។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកសាស្រ្តាចារ្យ ក្លូសស្វាប ព្រមទាំងបណ្តា ថ្នាក់ដឹកនាំ នៃប្រទេសមួយចំនួន ក្នុងនោះសម្តេច​ ក៏មានគម្រោងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសស៊្វីសផងដែរ៕