(ភ្នំពេញ)៖ ការដាក់ចេញប្រតិបត្តិការក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសំអាតជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនធ្វើឲ្យ មានការទះដៃសាទរយ៉ាង​ខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ សាទរ ក៏ដោយសារតែបញ្ហាគ្រឿងញៀន ដែលរីករាលដាលតាំងពីទីក្រុង រហូតដល់ទីជនបទមាត់ញកនេះ បានបង្កមហន្តរាយយ៉ាងខ្លាំងសម្រាប់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។

ក្នុងយុទ្ធនាការក្តៅរយៈពេលកន្លះខែមកនេះ ក្រុមជនល្មើសក្នុងសំណុំរឿងគ្រឿងញៀនសរុប១,៣០៧នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារ ជាបណ្តោះអាសន្នរង់ចាំថ្ងៃវិនិច្ឆ័យទោស ខណៈដែលគ្រឿងញៀន ឧបករណ៍ប្រើប្រាស់ រួមនិងយានជំនិះសម្រាប់ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពរាប់រយគ្រឿង ក៏ត្រូវបានដកហូតផងដែរ។ បន្ថែមពីលើលទ្ធផលដែលបានប្រតិបត្តិការរយៈពេល១៥ថ្ងៃក្នុងខែមករា ឆ្នាំ២០១៧នេះ នៅឆ្នាំ២០១៦កន្លងទៅ អាជ្ញាធរកម្ពុជា បង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ៤,១៩១ករណី និងចាប់ជនសង្ស័យបានរហូតដល់ ៩,៨០២នាក់។

ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់របស់អ្នកទោសនៅក្នុងពន្ធនាគារ រួមទាំងអ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀនទើបបង្រ្កាបនេះកំពុងតែបង្កជាក្តីកង្វល់ធ្ងន់ធ្ងរសម្រាប់ការចំណាយ ទៅលើចំណីអាហារប្រចាំថ្ងៃ ក៏ដូចជាភាពកកណែននៅតាមពន្ធនាគារទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផងដែរ។ ភាពណែនតាន់តាប់នៃអ្នកទោស នេះងាយស្រួលដល់ការឆ្លងជំងឺ និងពិសេសទៀតនោះ តាមពន្ធនាគារមួយចំនួនអ្នកទោសខ្លះដូរវេនគ្នាដែរផងដែរ ដោយគ្មានកន្លែងដេក។

បន្ថែមទៅលើមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀនរបស់រដ្ឋចំនួន១០កន្លែង និងឯកជន៣កន្លែង ព្រមទាំង៧៧មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលមានផ្តល់សេវាព្យាបាល អ្នកញៀនគ្រឿងញៀន ក៏ដូចជាដើម្បីឆ្លើយតបនឹងជំនន់នៃអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀននេះ រាជរដ្ឋាភិបាល បានត្រៀមជួសជុលមជ្ឈមណ្ឌលស្តារនីតិសម្បទារអ្នកញៀនគ្រឿងញៀន នៅក្រាំងធ្នុង រាជធានីភ្នំពេញ ដែលអាចទទួលអ្នកពាក់ព័ន្ធគ្រឿងញៀន ៥០០នាក់។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានប្រកាសឲ្យដឹងនៅដើមខែមករា ឆ្នាំ២០១៧នេះថា រាជរដ្ឋាភិបាលក៏គ្រោងសាងសង់ មជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀនលើផ្ទៃដី ២០ហិកតា ក្នុងខេត្តព្រះសីហនុ នៅដើមខែកុម្ភៈខាងមុខ។ ជាមួយនោះផងដែរ មណ្ឌលកែប្រែទី៤ នៅខេត្តពោធិ៍សាត់ ចំនួន៨អគារ ដែលអាចផ្ទុកមនុស្សបាន៧០០០-៨០០០នាក់ ដោយនៅពេលនេះសាងសង់រួចហើយចំនួន២អគារ នៅសល់៦អគារទៀត នឹងអាចរួចរាល់នៅពាក់កណ្តាលឆ្នាំនេះ។

បើទោះបីជារាជរដ្ឋាភិបាលបង្ហាញគម្រោងសាងសង់កន្លែងបន្សាបគ្រឿងញៀនយ៉ាងនេះក្តី តែប្រហែលជាមិនអាចឆ្លើយតបបញ្ហាប្រឈមនាពេលបច្ចុប្បន្ន បាននោះឡើយ។ ការត្អូញត្អែរប្រាប់ដំណឹងនេះក្នុងគោលបំណងទម្លាយទៅដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកយន្តការដោះស្រាយជាបន្ទាន់ និងចំពោះមុខ។ ក្រោយពេលការដាក់ចេញយុទ្ធនាគារកម្ចាត់ និង បោសសំអាតគ្រឿងញៀននេះមក ជនពាក់ព័ន្ធបទល្មើសគ្រឿងរាប់រយនាក់ ត្រូវបានបញ្ជូនចូលពន្ធនាគារជារៀងរាល់ថ្ងៃ។

ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់របស់ជនពាក់ព័ន្ធគ្រឿងញៀន បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ពន្ធនាគារ។ បញ្ហាប្រឈមមានដូចជា ចំណីអាហារ សម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ផ្សេងៗ ហើយអ្វីដែលប្រឈមធ្ងន់ធ្ងរជាងគេ គឺកន្លែងស្នាក់នៅ និងទីធ្លាពន្ធនាគារកំពុងមាន សភាពណែនណាប់ ដោយអ្នកទោសស្រាប់ទៅហើយនោះ រឹតតែធ្វើឲ្យមានសភាពណែនណាន់តាន់តាប់ថែមទៀត។

ឆ្លើយតបបញ្ហាកំពុងប្រឈម ទទូចសុំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ដាក់ចេញវិធានការបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហា បើមិនដូច្នោះភាពប្រឈមនឹង កាន់តែធ្ងន់ធ្ងរគ្រាប្រតិបត្តិការនៅរយៈពេលវែងឆ្ងាយ ហើយជនពាក់ព័ន្ធគ្រឿងញៀននៅមានច្រើនទៀតនោះ។ តាមតួលេខនៃសិក្សាថ្នាក់ជាតិកម្ពុជា បានឲ្យដឹងថា អ្នកប្រើប្រាស់គ្រឿងទូទាំងប្រទេសមានចន្លោះពី ១២,០០០នាក់ ទៅ ២៨,០០០នាក់៕