(កំពង់ចាម)៖ គិតមកទល់ពេលនេះ ការប្រកួតក្រុមបាល់ទះ ដំណ្ដើមពាន​ «The 1st Cambodia Volleyball League2017» ដែលឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀកម្ពុជានោះ ក្រុម«វិសាខា» កំពុងតែមានពិន្ទុនាំមុខគេ​​ ក្រោយប្រកួតឈ្នះ ក្រុមស្នងការនគរបាលខេត្តបាត់ដំបង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧​ នៅខេត្តកំពង់ចាម។

សម្រាប់២ប្រកួត ក្រុមស្នងការនគរបាលខេត្តបាត់ដំបង ប៉ះជាមួយ ក្រុមវិសាខា ប៉ុន្ដែត្រូវបានបរាជ័យ ​១សិត ទល់៣សិត ក្នុងពិន្ទុ២៥ទល់២៣, ២៤ទល់២៦, ២១ទល់២៥ និង ១០ទល់២៥​។ ដោយលេងបាន​២​ប្រកួតដូចគ្នា នោះក្រុមវិសាខា​២ ប្រកួតឈ្នះទាំង​២ ប្រកួតបាន​៦​ពិន្ទុ ឯ​ក្រុមស្នងការនគរបាលខេត្តបាត់ដំបង​២ប្រកួត ចាញ់ទាំង​២​ប្រកួតនោះ មានពិន្ទុ ០​។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន​ ការប្រកួតទើបនឹងចាប់ផ្ដើមនោះ នៅខេត្តព្រៃវែង ដោយ​ក្រុម​វិសាខា ឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣​សិតទល់​០ និងក្រុមស្នងការនគរបាលខេត្តបាត់ដំបង ចាញ់ក្រុម កងពលធំ​អន្តរាគមន៍លេខ​៣ ៣សិត​។

មួយប្រកួតទៀតក្រុមក្រសួងមហាផ្ទៃ ប្រកួតឈ្នះ ក្រុមខេត្តកំពង់ចាម ៣​សិត​ទល់​០ ក្នុងពិន្ទុ២៥ទល់២០, ២៥​ទល់​១៥ និង​២៥​ទល់១៣​។ ក្រុមទាំង​២​នេះ ទើបតែលេងបានមួយប្រកួតដូចគ្នា ដោយក្រុមក្រសួងមហាផ្ទៃ មានសំណាងល្អ នៅក្នុងការប្រ​កួតលើកដំបូងរបស់ខ្លួន ឯ​ខេត្តកំពង់ចាមគ្មានសំណាង នៅលើទឹកដីរបស់ខ្លួនឡើយ​។

សូមជម្រាបថា ​ព្រឹត្តិការណ៍នេះបង្កើតឡើង ក្រោមការផ្ដួចផ្ដើមរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយសហភាព​សហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ដោយមានការគាំទ្រពីក្រសួងអប់រំ​ យុវជន និង​កីឡា ដែលក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា៕