(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងឲ្យដឹងថា ក្នុងចំណោមអ្នកជាប់ឃុំនៅមន្ទីរ ម១ ប្រមាណ៥០០០នាក់ មានអ្នកញៀនថ្នាំជិត២០០០នាក់ ស្មើ៣៥ភាគរយ ។

ក្នុងនោះលោក បានដាក់ចម្ងល់ថា តើអ្នកញៀនថ្នាំទាំងនោះ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារតើគេអាចផ្តាច់ញៀនបានទេ ចម្លើយគឺថាមិនអាចទេ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងបែបនេះខណៈលោក បានចូលរួមនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានី ដែល មានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ អភិបាលខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។

នៅក្នុងកិច្ចប្រជុំដដែលនោះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងចំណោមជនប្រព្រឹត្តបទល្មើស ដែលសមត្ថកិច្ចបង្ក្រាប បាន ចំនួន ១៦៣៥នាក់ ក្នុងយុទ្ឋនាការបង្ក្រាបគ្រឿងញៀន ១៥ថ្ងៃកន្លងមក តាមបទបញ្ជារបស់សម្តេចក្រឡាហោមនេះ ។ ហើយក្នុងនោះមាន១០៣៨នាក់ ជាប់ពាក់ព័ន្ធគ្រឿងញៀន។

គួរកត់សំគាល់ថា បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងត្រូវបានលើកយកជាប្រធានបទក្តៅដើម្បីធ្វើការដោះស្រាយជាបន្ទាន់ នៅក្នុងកិច្ចប្រជុំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី៕