(ប្រេស៊ីល)៖ អំពើហិង្សារវាងក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅពន្ធនាគារក្នុងប្រទេសប្រេស៊ីល នៅតែបន្តកើតឡើងនៅដើមឆ្នាំ២០១៧នេះ ដោយក្នុងនោះ មនុស្សយ៉ាង​ហោច​ណាស់៣០នាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាសារជាថ្មីនៅល្ងាចនៅថ្ងៃសៅរ៍ កន្លងទៅ (ម៉ោងនៅក្នុងប្រទេសប្រេស៊ីល)។ នេះបើតាម អាជ្ញាធរប្រេស៊ីល ដែល​ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែលបានឱ្យដឹងដែរថា អំពើហឹង្សាថ្មីនេះ បានកើតឡើងតាំងតែពីថ្ងៃល្ងាចថ្ងៃសៅរ៍ នៅក្នុងពន្ធនាគារ Alcaçuz​ នៃរដ្ឋ Rio Grande do Norte ស្ថិតនៅ ភាគឦសាន​នៃប្រទេស ក៏ប៉ុន្តែរហូតដល់ព្រឹក ថ្ងៃអាទិត្យ ម្សិលមិញ ទើបក្រុមអាជ្ញាធរ អាចចូលទៅក្នុងពន្ធនាគារនេះ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក អ្នក​ទោស​ភាគច្រើនដែលបានស្លាប់ សុទ្ធតែត្រូវបានគេកាត់ក្បាល នៅក្នុងការប៉ះទង្គិចគ្នានៅឯពន្ធនាគារ Alcaçuz ដែលមានអ្នកទោសប្រមាណ ជា ១១៥០នាក់ ។

គួរបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ២០១៧នេះ ការវាយប្រយុទ្ធគ្នារវាងក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងពន្ធនាគារនៃប្រទេសប្រេស៊ីល បានសម្លាប់មនុស្ស ១១៦នាក់ ខណៈ​ការព្រួយបារម្ភកាន់តែកើនឡើង ពាក់ព័ន្ធនឹងការគ្រប់គ្រងពន្ធនាគារជាច្រើននៅក្នុងប្រទេសស្ថិតនៅតំបន់អាមេរិកឡាទីមួយនេះ៕