(ហ្វីជី)៖ ដូចអ្វីដែលគ្រោងទុក ប្រតិភូសភាកម្ពុជា បាននិងកំពុងចូលរួមក្នុងកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ (APPF) ដែលរៀបចំឡើងនៅប្រតេសហ្វីជី។

បន្ទាប់ពីបានអញ្ជើញដល់ប្រទេសហ្វីជី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំនានា នៃវេទិកាអន្តរសភាមួយនេះ ដោយក្នុងនោះ លោក ឈាង វុន ប្រធាន​គណៈ​កម្ម​ការ​​កិច្ចការបរទេស សហប្រតិបត្តិ​ការ ​អន្តរជាតិ ឃោសនា​ការ និងព័ត៌​មាន នៃរដ្ឋសភាកម្ពុជា និងជាសមាជិកគណៈកម្មការប្រតិបត្តិ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ (APPF) បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបតិ្ត ចំណែកលោកស្រី បាន ស្រីមុំ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិ​ការ​អន្តរជាតិឃោស​នាការ និងព័ត៌​មាននៃរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការស្រ្តី។

កិច្ចប្រជុំទំាងពីរនេះ បានប្រារព្ធធ្វើនៅក្នុងសណ្ឋាគារ International Fiji Resort ក្នុងទីក្រុងណាឌី ទីដែលសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ (APPF) ជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៥ ក្រោមប្រធានបទ «ភាព​ជា​ដៃ​​គូសភា​សម្រាប់សន្តិភាព និងសន្តិសុខ៖ គោលដៅអភិវឌ្ឍន៍​ប្រ​កប​​ដោ​យចីរ​ភាព ២០១៦»។

លោក ឈាង វុន បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៅពេលនេះ នឹងធ្វើការជ្រើសរើសប្រទេស តំ​ណាងតំបន់អាស៊ីអាគ្នេយ៍មួយ ចូលជាសមាជិកគណៈក​ម្មាធិការប្រតិបត្តិ ជំនួសប្រទេសកម្ពុជា ដែលត្រូវចប់អាណត្តិ។ តាមលក្ខន្តិកៈរបស់ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក អាណត្តិសមាជិកគណៈកម្មការប្រតិបត្តិ មានរយៈពេល៤ឆ្នាំ។ ប្រទេសឡាវ នឹងត្រូវជ្រើសរើសជំនួសកម្ពុជា តាមលេខរៀងអក្សរឡាតាំង នៅក្នុងចំណោមប្រទេសចំនួន៨​​។ ក្រៅពីនេះកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនេះ នឹងប្រជុំដើម្បីរៀបចំឯកសារគោល សម្រាប់កិច្ចប្រជុំទាំងមូល លើកទី២៥ នេះផងដែរ។

ដោយឡែកចំពោះកិច្ចប្រជុំ គណៈកម្មការស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលលោកស្រី បាន ស្រីមុំ ចូលរួមប្រជុំនោះវិញ នឹងធ្វើការពិនិត្យ ពិភាក្សាលើប្រធានបទ សមភាពយេនឌ័រ និងការជំរុញអំណាចស្រ្តីនិងកុមារ។ កិច្ចប្រជុំនេះនឹងពិនិត្យលើសេច​ក្តីព្រាង សេចក្តីសម្រេចមួយចំនួន ទាក់ទងនឹងបញ្ហាស្រ្តី និងកុមារនេះដែរ ដូចជាសេចក្តីព្រាងសេចក្តីសម្រេច ដើម្បីជំរុញស្រ្តីក្នុងវិស័យនយោបាយ និងការអភិវឌ្ឍន៍ដោយចីរភាពជាដើម​​។

សូមជម្រាបថា សមាសភាព គណៈប្រតិភូសភាកម្ពុជាអញ្ជើញ ចូលរួមកិច្ចប្រជុំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ា​ស៊ី​ហ្វិក នាពេលនេះ មានលោក ឈាង វុន លោក ប៉ុល ហំម លោកស្រី ប៉ាន ស្រីមុំ សមាជិករដ្ឋសភា ចំណែកសមាជិកព្រឹទ្ធសភាមានលោក ឈិត គឹមយាត។​ កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ​នៅសាធារណរដ្ឋ​ហ្វីជី ប្រារព្ធធ្វើពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាស្ថាប័នអន្តរសភាមួយ ដែលបានបង្កើតឡើងដើម្បីជំរុញ​ កិច្ច​សហប្រតិបត្តិការរវាងប្រទេស នៅក្នុងតំបន់ឲ្យកាន់តែមានប្រសើរឡើង ក្នុងចក្ខុវិស័យដើម្បី​ជំរុញ​​សន្តិ​ភាព សេរីភាព ប្រជាធិបតេយ្យ និងវិបុលភាព។ វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក មាន​​ស​មា​​ជិកចំនួន២៧ប្រទេស ហើយរដ្ឋសភានៃកម្ពុជា បានក្លាយជា​សមាជិកពេញ​សិទ្ធិ​​​របស់ APPF នៅឆ្នាំ១៩៩៥៕