(កំពង់ធំ)៖ ក្រោយរៀបការបានរយៈពេល ៧ថ្ងៃ ស្រ្តីជាប្រពន្ធបានចាកចេញពីផ្ទះ ដោយមិនដឹងមូលហេតុ បាត់ដំណឹងសូន្យឈឹង ធ្វើឲ្យក្រុមគ្រួសារ និងលោកឪពុកអ្នកម្ដាយ មានការព្រួយបារម្ភយ៉ាងខ្លាំង ខំព្យាយាមតាមរកគ្រប់ទីកន្លែងតែរកមិនឃើញ ទើបពួកគាត់បានសំណូមពរមកអង្គភាព Fresh News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីជួយផ្សព្វផ្សាយឲ្យបានដឹងឮដល់ស្រ្តីជាកូន បើបានឃើញហើយ សូមវិលត្រឡប់វិលទៅស្រុកកំណើតវិញ ដើម្បីបានជួបជុំគ្នាជាមួយគ្រួសារឡើងវិញ។

ស្រ្តីខាងលើមានឈ្មោះ ធឹម សុខលី បានបាត់ខ្លួនចេញពីផ្ទះ កាលពីថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៦ ពោលគឺក្រោយពេលរៀបការបានចំនួន ៧ថ្ងៃ។ ឪពុកបង្កើតមានឈ្មោះ ចេស ឡូញ ម្ដាយឈ្មោះ ខេន រស់នៅភូមិនាក់វាំង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ចេស ឡូញ ថ្លែងប្រាប់ថា កូនស្រីរបស់គាត់បានចាកចេញពីផ្ទះ តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ មកម្ល៉េះ ក្រោយរៀបការបាន៧ថ្ងៃ ហើយបាត់ដំណឹងសូន្យឈឹង មិនដឹងថាចាកចេញដោយសារមូលហេតុអ្វីខ្លះ ធ្វើឲ្យពួកគាត់នឹកនាស្ដាយស្រណោះ និងព្រួយបារម្ភយ៉ាងខ្លាំង មិនដឹងកើតអ្វី ធ្វើអ្វី ទៅជាយ៉ាងណាហើយ មកដល់ពេលនេះ។

បុរសជាឪពុកបានបន្តថា ពួកគាត់បានតាមរកសាកសួរដំណឹងពីកូនស្រីរបស់ខ្លួន ជាច្រើនកន្លែងច្រើនថ្ងៃដែរ តែនៅតែមិនឃើញ។

ជាយូរថ្ងៃមកហើយ ពួកគាត់កាន់តែនៅមិនសុខ ព្រោះតែគិតគូនឹកស្រណោះដល់កូនស្រីរបស់គាត់ ឲ្យតែឃើញកូនស្រីត្រឡប់ផ្ទះទៅវិញ អាការៈពួកគាត់នឹងបានធូរស្រាលឡើងវិញ តែបើមិនដូច្នេះទេ ពួកគាត់នៅតែមានអារម្មណ៍នៅមិនសុខ និងព្រួយបារម្ភនឹកដល់កូនរបស់ពួកគាត់ខ្លាំងឡើងៗ។

ក្នុងនាមជាឪពុក លោកពិតជាចង់កូនស្រីរបស់គាត់ វិញត្រឡប់ទៅផ្ទះវិញខ្លាំងណាស់ ហើយបានអំពាវនាវឲ្យកូនស្រី ត្រឡប់វិលជួបជុំគ្រួសារវិញ ដើម្បីឲ្យពួកគាត់បានស្ងប់អារម្មណ៍ឡើងវិញ។

លោកថា បើការចាកចេញរបស់កូនស្រីរបស់គាត់ ដោយមូលហេតុអ្វីមួយ ពួកគាត់នឹងជួយដោះស្រាយឲ្យបាន ឲ្យតែកូនស្រីរបស់ពួកគាត់ព្រមត្រឡប់ទៅវិញ។

ទោះយ៉ាងណា ក្រុមគ្រួសារបាត់កូនស្រីខាងលើ បានអំពាវនាវដល់បងប្អូនញាតិមិត្ត ក៏ដូចជាប្រជាពលរដ្ឋណា បានឃើញ ឬជួបស្រ្តីឈ្មោះ ធឹម សុខលី ដែលមានភិនភាគដូចរូបភាពនៅខាងក្រោម សូមជួយផ្ដល់ដំណឹងប្រាប់ដល់ពួកគាត់កុំបីខាន៕