(ភ្នំពេញ)៖ ​ក្នុងយុទ្ឋនាការវាយតម្លៃ ត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារ គណបក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវ ឆ្នាំ២០១២-២០១៧ និងលើកទិសដៅ គោលនយោបាយអនុវត្តបន្តសម្រាប់ឆ្នាំ២០១៧-២០២២ លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ បានអញ្ជើញបើកសន្និបាតតាមសង្កាត់នានា ចាប់ពីសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះ២ សង្កាត់ទួលសង្កែ១។

ជាក់ស្ដែង ​មកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ សន្និបាតត្រូវបានប្រារព្ធធ្វើឡើងបន្តទៀត នៅមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧកញ៉ា អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ និងមានការចូលរួមពីថ្នាក់ដឹកនាំ​ គណៈកម្មាធិការ CPP ខណ្ឌ សង្កាត់ សមាជិកសមាជិការបក្សប្រមាណ​១,០០០នាក់។
គណៈអចិន្រ្តៃយ៍គណៈកម្មធិការ CPP ខណ្ឌ បានបើកវេទិការជារួមជូនដល់អង្គសន្និបាត ដែលតំណាងប្រជាពលរដ្ឋក្នុងសង្កាត់ឬស្សីកែវ លើកឡើង នូវការស្នើសុំការបន្តពន្លឿនការអភិវឌ្ឍន៍ កែសម្រួល ហេដ្ឋារចនាសម្ព័ន្ឋរបស់ពួកគាត់នូវកង្វល់នានា ជាពិសេសប្រព័ន្ធលូ កាកសំរាម ការបន្ថែម និងជួសជុលផ្លូវ ការបន្ថែមស្តប់នៅតាមគោលដៅដែលកកស្ទះ ដើម្បីទប់ស្កាត់ ការកកស្ទះចរាចរណ៍។

ជាការឆ្លើយតប ក្នុងស្មារតីប្តេជ្ញាដ៏មុះមត់ លោកចៅសង្កាត់ ក្នុងនាម​គណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់ឬស្សីកែវ បានប្តេជ្ញាអនុវត្តនូវកម្មវិធីនយោបាយអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៧-២០២២នេះ ជាពិសេសរាល់កង្វល់ដែលតំណាងប្រជាពលរដ្ឋក្នុងសង្កាត់ បានលើកឡើង នឹងត្រូវដោះស្រាយជូនអោយទទួលបានលទ្ធផលល្អប្រសើរ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមផ្តល់ការគាំទ្រដ៏មុតមាំ និងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយនេះ ឲ្យទទួលសមិទ្ឋផលថ្មីៗ ថែមទៀតលើគ្រប់វិស័យក្នុងសង្កាត់របស់ខ្លួន។

សន្និបាតនេះ ក៏មានការបោះឆ្នោតស្ទាបស្ទង់បេក្ខជនឈរឈ្មោះ ក្រុមប្រឹក្សាសង្កាត់ឬស្សីកែវ ដែលមាន៤៤រូប ដើម្បីទៅឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខហើយបានសម្រេចកំណត់យកត្រឹម១១រូបដោយជោគជ័យ ដោយអង្គសន្និបាតបានលើកប័ណ្ណឯកភាពគាំទ្រ១០០ភាគរយ៕