(កណ្តាល)៖ ថ្នាក់ដឹកនាំគណៈពង្រឹងស្រុកខ្សាច់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅចំពោះមុខសមាជិក សមាជិកា និង ប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាលជាង ១ពាន់នាក់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំនៅកម្ពុជា និងបានដឹកនាំប្រទេស ជាតិតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩មកនោះ តែងតែនៅជាមួយប្រជាពលរដ្ឋ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទាំងអស់។

នៅក្នុងសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំព្រែកតាមាក់ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ លោក ហ៊ាន សាហ៊ីប អនុប្រធានទី៣គណៈពង្រឹងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន តែងបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍ ប្រទេសជាតិ តាំងពីប្រទេសមួយនេះទើបងើបចេញពីភ្នក់ភ្លើងសង្រ្គាម និងគ្មានសេសសល់អ្វីនោះ។

លោក ហ៊ាន សាហ៊ីប បានថ្លែងដូច្នេះ «មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលបាននិងបន្តរស់នៅរួមសុខទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងអាចបន្តថែរក្សាបាននូវសុខសន្តិភាព សេ្ថរភាព និងវឌ្ឍនភាព»

ក្នុងសន្និបាតព្រឹកមិញនេះ លោក ហ៊ាន សាហ៊ីប ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅឃុំព្រែកតាមាក់ ដែលទាំងក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានឃុំ និងក្រុមការងារនៃគណបក្សឃុំ បានសហការគ្នាយ៉ាងពេញទំហឹងក្នុងការជំរុញសមាជិកបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋានទៅចុះឈ្មោះបោះឆ្នោត បានចំនួនរហូតដល់ជាង ៩០ភាគរយ ដែលជាលទ្ធផលគួរជាទីមោទនៈ។

ក្នុងអង្គសន្និបាតព្រឹកមិញ ក៏បានប្រមូលនូវធាតុចូលសំខាន់ៗបន្ថែម និងអនុម័តរួមគ្នាលើគោលការណ៍ និងខ្លឹមសារឯកសារសម្រាប់អនុវត្តបន្តនាពេលខាងមុខ។ ក្នុងនោះមានដូចជា៖

(១). គណៈកម្មាធិការបក្សភូមិ-ឃុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវបន្តជំរុញការពារថែរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងមូលដ្ឋានឱ្យបានរឺងមាំបន្ថែមទៀត ជាពិសេសតាមរយៈការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យកាន់តែខ្លាំងក្លា និងប្រសិទ្ធភាព សំដៅធានាការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនៅមូលដ្ឋាន។ ទន្ទឹមនេះ អាជ្ញាធរដែនដី ត្រូវបន្តខិតខំផ្តល់សេវាសាធារណៈនានា ជូនប្រជាជន ឱ្យបានទាន់ពេលវេលា ដោយខិតខំស្វែងយល់ពីតម្រូវការជាក់ស្តែង និងដោះស្រាយនូវរាល់បញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់ប្រជាជន ឱ្យបានកាន់តែប្រសើរបន្ថែមទៀត។

(២). ត្រូវរួមគ្នាបន្តប្រឹងប្រែងអនុវត្ត ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ព្រមទាំងពង្រឹងនិងពង្រីករចនាសម្ព័ន្ធចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ សំដៅកសាងគ្រឹះដ៏រឹងមាំ នៃសមាជិកបក្ស ទាំងបរិមាណនិង គុណភាព និងត្រូវថែបំប៉នសតិអារម្មណ៍ប្រជាជន ដើម្បីទទួលបានលទ្ធផលវិជ្ជមាន តាមរយៈសមាជិកបក្ស ផ្តល់ការទុកចិត្តនិងគាំទ្រទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានគ្រប់ៗគ្នា។

(៣). គណៈកម្មាធិការគណបក្សភូមិឃុំ និង ក្រុមប្រឹក្សាឃុំ ជាពិសេសបេក្ខជនឈរឈ្មោះដែលទទួលបាននូវទំនុកចិត្តពីអង្គសនិ្នបាត ត្រូវខិតខំបន្តប្រព្រឹត្តនូវអំពើល្អលើគ្រប់ផ្នែកការងាររបស់ខ្លួន ដើម្បីបង្កើនប្រជាប្រិយភាព និងជំនឿទុកចិត្តរបស់ប្រជាជន តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតជាមួយសមាជិក-សមាជិកាបក្ស និងត្រូវលុបបំបាត់ឱ្យបានដាច់ខាតនូវអំពើខុសឆ្គង បាតុភាពអសកម្មទាំងឡាយដែលធ្វើឱ្យមានការថ្នាំងថ្នាក់ និងប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាជនក្នុងមូលដ្ឋាន។

លើសពីនេះ បេក្ខជនឈរឈ្មោះទាំងអស់ ត្រូវប្រកាន់យកមានស្មារតី រួបរួមសាមគ្គីភាពគ្នាជាឆ្លុងមួយ ដោយតម្កល់ផលប្រយោជន៍រួម និងបម្រើប្រជាជនដោយភាពស្មោះត្រង់។

(៤). ក្រុមការងារគណៈពង្រឹងមូលដ្ឋានភូមិ-ឃុំ និងក្រុមការងារចលនាផ្សេងៗដែលមានការពាក់ព័ន្ធ ត្រូវបន្តជួយគាំទ្រ ជួយដល់ការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការអនុវត្តផែនការអភិវឌ្ឍន៍ឃុំឆ្នាំ ២០១៧-២០២២ ទាំងស្មារតី កម្លាំងកាយ កម្លាំងចិត្ត៕