(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០១៧ នៅទីស្នាក់ការ គណៈកម្មាធិការគណបក្សឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានបើកសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំ២ធ្នូ ស្រុកស្នួល ក្រោមអធិបតីភាពលោក លី ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្នួលខេត្តក្រចេះ និងលោក ប៉ុល សុផា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្នួល ខេត្តក្រចេះ និងជាប្រធានក្រុមការងារចុះជួយឃុំ២ធ្នូ ព្រមទាំងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ២ធ្នូ ថ្នាក់ខេត្ត ថ្នាកស្រុក ឃុំសរុបចំនួន៣០៦នាក់។

សន្និបាតបក្សនេះ រៀបចំឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ រយៈពេល៥ ឆ្នាំ (ឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧) និងលើកទិសដៅ​ភារកិច្ច ដាក់ចេញនូវកម្មវិធីនយោបាយរបស់គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍន៍ ពីឆ្នាំ២០១៧-២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការ​ជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

លោក លី ផល្លា បានលើកឡើងថា ដើម្បីធានាបាននូវភាពរលូន និងរបៀបរៀបរយនៃដំណើរការសន្និបាតគណៈកម្មាធិការគណបក្សឃុំ សូមឲ្យ​សមាជិក-សមាជិកា​ទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវ តាមកម្មវិធី និងសេចក្តីប្រកាសផ្សេងៗរបស់អង្គសន្និបាត ហើយតាមដានស្តាប់របាយការណ៍ និងមុនពេលអនុម័ត​បញ្ហាផ្សេងៗ សូមយកចិត្ត​ទុកដាក់អោយមានសាមគ្គីភាពផ្ទៃក្នុង អនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព។

ក្នុងឱកាសនោះ សមាជិក សមាជិកា ទាំងអស់បានចូលរួមពិសាអាហារសាមគ្គី ប្រកបដោយក្តីសប្បាយរីករាយផងដែរ៕