(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុមបក្សទាំងអស់ ត្រូវបើកបេះដូងដោះស្រាយទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសថែរក្សាសមាជិកបក្សចាស់ និងបន្ថែមសមាជិកបក្សថ្មី ដើម្បីរួបរួមគ្នាបង្រួបបង្រួម និងអភិវឌ្ឍន៍ប្រទេសជាតិ។​

លោក ម៉ៅ ធនិន អំពាវនាវដូចនេះ ត្រូវធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សឃុំអន្សាចំបក់ នៅវត្តកោះរំដួល ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះក៏មានការចូលរួមពី លោក អ៊ឹង គឹមលាង ប្រធានក្រុមការងារយុវជនខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃញី ​លោក អេង គន្ធា ប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ប្រធាន-អនុប្រធានគណបក្សឃុំស្រុក ថ្នាក់ដឹកនាំយុវជន សមាជិក-សមាជិកា គណបក្សតាមបណ្តាភូមិ ជាង៥០០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានដោះស្រាយសំណូមពររបស់ព្រះតេជគុណចៅអធិការវត្តកោះរំដួល ទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅទីនោះ និងបានបន្តសម្របសម្រួលទំនាស់កេរ្តិ៍ដីធ្លីបងប្អូនបង្កើត នៅក្នុងភូមិត្រពាំងកន្ទួត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់​។​

សូមបញ្ជាក់ថា អង្គសន្និតបាតក៏មានការបោះឆ្នោតស្ទាបស្ទង់មតិផងដែរ ដើម្បីជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ឃុំអន្សាចំបក់ចំនួន១៥នាក់ ដោយជ្រើសរើសតែ ៥នាក់៕