(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន បានដាក់អនុសាសន៍ជំរុញ ដល់ក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ ត្រូវបន្តខិតខំផ្តល់សេវានានា ពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ប្រកបដោយតម្លាភាព ជូនប្រជាជនឲ្យបានគ្រប់ជ្រុងជ្រោយ។

ការដាក់អនុសាសន៍នេះ ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តការងារអភិវឌ្ឍន៍សង្កាត់ ២០១២-២០១៧ និងលើកទិសដៅបន្ត និងកម្មវិធីនយោបាយអភិវឌ្ឍន៍សង្កាត់ ២០១៧-២០២២ និងបោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាសង្កាត់ សម្រាប់អាណត្តិទី៤ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ នៅទីស្លាក់ការគណបក្សសង្កាត់ទន្លេបាសាក់។

លោក អ៉ិត សំហេង បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាសង្កាត់ «ត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវានានា ជូនប្រជាជនបានទាន់វេលា ប្រកបដោយតម្លាភាព ការពារផលប្រយោជន៍ស្របច្បាប់ជូនប្រជាជន ពង្រីកហេដ្ឋារចនាសម្ព័ន្ធ រក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួលជូនប្រជាជន លើកកម្ពស់តម្លៃស្ត្រី និងយុវជន ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍមូលដ្ឋាន និងសង្គមជាតិ ប្រកបដោយភាពរុងរឿង»

លោក អ៉ិត សំហេង បានបន្តថា ក្នុងរយៈពេល៣អាណត្តិ កន្លងមក គណៈកម្មាធិការគណបក្សសង្កាត់ទន្លេបាសាក់ និងក្រុមប្រឹក្សាសង្កាត់ បានខិតខំយកចិត្តទុកដាក់លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ការយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាជន បានទាន់ពេលវេលា និងលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់ៗរូប បានរស់នៅប្រកបដោយសុខដុមរមនា គ្មានការបែងចែកពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿសាសនា ដើមកំណើតជាតិ និងឋានៈសង្គម។

សន្និបាតខាងលើនេះ ក៏បានផ្តល់ឱកាសដល់ប្រជាជន ដែលបានចូលរួមលើកឡើងមតិយោបល់ ដើម្បីអភិវឌ្ឍសង្កាត់ឲ្យមានការរីកចម្រើនថែមទៀត ហើយលោក អ៉ិត សំហេង ក៏បានសម្តែងនូវការកោតសរសើរ ចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលគណៈកម្មការគណបក្សសង្កាត់ សម្រេចបានក្នុងរយៈពេលកន្លងមក ផងដែរ៕