(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ចូលរួមឧបត្ថម្ភធំសិក្ខាសាលាស្តីពី «ហេតុអ្វីវិស័យអប់រំមានសារៈសំខាន់» ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧ នៅឯសាលសហសិក្សា សម្តេចតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដែលរៀបចំដោយ Westline Education Group (WEG)។

វិស័យអប់រំនៅកម្ពុជា មានការីកចម្រើនគួឲ្យកត់សម្គាល់ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសសាកលវិទ្យាល័យជាច្រើន ត្រូវបានបង្កើតឡើង នៅតាមបណ្តាខេត្តមួយចំនួន។ នេះជាហេតុធ្វើឲ្យនិស្សិតក្រីក្រមួយចំនួន មានឱកាសសិក្សាបន្តរហូតដល់ចប់បរិញ្ញាបត្រ។ ជាលទ្ធផលពួកគាត់អាចរកការងារធ្វើ នៅក្នុងក្រុមហ៊ុន អង្គការនានា និងវិស័យផ្សេងៗទៀត។

វិស័យអប់រំត្រូវបានអ្នកជំនាញលើកឡើងថា គឺមានសារៈសំខាន់ណាស់ជួយ ដល់ការអភិវឌ្ឍន៍ប្រទេស។ ដោយសារតែប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិក សមាគមអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង១០។ ដូចនេះការអភិវឌ្ឍវិស័យអប់រំ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបើយើងពុំមានជំនាញគ្រប់គ្រាន់ទេ នោះប្រទេសជិតខាងរបស់យើងនឹង ដណ្តើមយកការងារសំខាន់ៗ ដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។

ដោយមើលឃើញ ពីសារៈសំខាន់របស់វិស័យអប់រំ និងដោយស្របទៅតាមគោលបំណងរបស់ អេ អឹម ខេ គឺធ្វើឲ្យសម្រេចផ្នែកហិរញ្ញវត្ថុ និងសង្គម។ ដូចនេះហើយទើប អេ អឹម ខេ តែងតែឧបត្ថម្ភ និងគាំទ្រសកម្មភាពសង្គមជាច្រើន ក្នុងពេលកន្លងមក ក្នុងនោះក៏មានវិស័យអប់រំផងដែរ។

ថ្លែងនៅក្នុង សិក្ខាសាលា លោក ណាង គីណាល់ នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនង របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានលើកឡើងថា «ប្រទេសមួយមានការអភិវឌ្ឍខ្លាំង លុះត្រាតែប្រទេសនោះ មានការរីកចម្រើនលើវិស័យអប់រំ នៅពេលដែលកម្មវិធីសិក្សាស្របទៅនឹង តម្រូវការចាំបាច់ទៅនឹងការអភិវឌ្ឍស្ទើរ តែគ្រប់វិស័យនៅក្នុងពិភពលោក ជាពិសេសវិស័យបច្ចេកវិទ្យា»។
លោកបានបន្ថែមទៀងថា «អេ អឹម ខេ ចូលរួមឧបត្ថម្ភធំ ក្នុងកម្មវិធីសិក្ខាសាលានេះ ព្រោះយើងក៏ជាផ្នែកមួយ ក្នុងការចូលរួមចំណែក ក្នុងការអភវឌ្ឍវិស័យអប់រំផងដែរ ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីអាចប្រកួតប្រជែង ជាមួយប្រទេសនៅក្នុងតំបន់»។

គួរម្លឹកផងដែរថា សិក្ខាសាលានេះក៏មានការចូលរួមពី វាគ្មិនជាតិ និងអន្តរជាតិជាច្រើន ដែលបានធ្វើបទបង្ហាញ ពីប្រធានបទល្អៗផ្នែកវិស័យអប់រំ។ ហើយបទពិសោធន៍ទាំងនោះ ពិតជានឹងជួយធ្វើឲ្យវិស័យអប់រំ នៅប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត៕