(បាត់ដំបង)៖ ប្រធានក្រុមការងារចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង លោក ឡោក ហួរ, លោក កុល វិរក្ស ប្រធានក្រុមការងារថ្នាក់ជាតិ និងលោក រុន រ័ត្នវាសនា ប្រធានក្រុមការងារចុះឃុំអន្លង់វិល ឃុំអូរដំបង១ និងឃុំរការ ស្រុកសង្កែ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការគណបក្សឃុំអន្លង់វិល ដែលមានការចូលរួម ពីសមាជិកសមាជិការបក្ស មកពីបណ្តាភូមិទាំងអស់ ក្នុងឃុំអន្លង់វិល ជិត៦០០នាក់។

សន្និបាតបក្សនេះ រៀបចំឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយ របស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ រយៈពេល៥ឆ្នាំ (ឆ្នាំ២០១២ ដល់ឆ្នាំ២០១៧) និងលើកទិសដៅ​ភារកិច្ចដាក់ចេញនូវកម្មវិធីនយោបាយ របស់គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍន៍ពីឆ្នាំ២០១៧-២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការ​ជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

លោក ឡោក ហួរ បានលើកឡើងថា ដើម្បីធានាបាននូវភាពរលូន និងរបៀបរៀបរយ នៃដំណើរការសន្និបាត គណៈកម្មាធិការគណបក្ស ឃុំសូមឲ្យ​សមាជិក-សមាជិកា​ទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវ តាមកម្មវិធី និងសេចក្តីប្រកាសផ្សេងៗរបស់អង្គសន្និបាត ហើយតាមដាន ស្តាប់របាយការណ៍ និងមុនពេលអនុម័ត​បញ្ហាផ្សេងៗ សូមយកចិត្ត​ទុកដាក់ឲ្យមាន សាមគ្គីភាពផ្ទៃក្នុង អនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយ ប្រសិទ្ធភាព គុណភាព និងតម្លាភាព៕