(ភ្នំពេញ)៖ លោក តូនី តាន់ កេងយ៉ាំ (Tony Tan Keng Yam) ប្រធានាធិបតីទី៧របស់សាធារណរដ្ឋសិង្ហបុរី ដែលកាន់តំណែងតាំងពីឆ្នាំ២០១១នោះ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ។

ទស្សនកិច្ចនេះ​មានចំនួនច្រើនថ្ងៃជាងទស្សនកិច្ចរបស់លោកប្រធានធិបតីចិន ស៊ី ជិនពីង និង លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា២ថ្ងៃៗ កាលពីអំឡុងខែតុលា និងខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ក៏ប៉ុន្តែទស្សនកិច្ចរបស់ប្រធានាធិបតី តូនី តាន់ ហាក់ត្រូវបានចាប់អារម្មណ៍តិចតួចដោយគ្រាន់តែមាន ​MoU ចំនួន២ប៉ុណ្ណោះ។ ក្រៅពីនោះមានការជួបសំណេះសំណាល ហើយក៏លោកផ្តល់ការចាប់អារម្មណ៍ទៅទស្សនាប្រាសាទអង្គវត្តខ្មែរតែម្តង។

* វត្តមានរបស់ថ្ងៃដំបូងនៅកម្ពុជា ថ្ងៃទី០៨ មករា ឆ្នាំ២០១៧៖

- យន្តហោះរបស់ លោកតូនី តាន់ កេងយ៉ាំ បានចូលចតនៅព្រលានយន្តអន្តរជាតិភ្នំពេញ នៅវេលាម៉ោង១៖០៦នាទី ថ្ងៃត្រង់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧។ សម្រាប់កម្ពុជា អ្នកដែលទទួលបដិសណ្ឋារកិច្ចរបស់ប្រធានាធិបតីរូបនេះ នៅព្រលានយន្តហោះនោះរួមមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីព្រះបរមរាជវាំង និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងមន្រ្តីកម្ពុជាមួយចំនួនទៀត។

- បន្ទាប់ពីបានអញ្ជើញមកដល់ប្រទេសកម្ពុជា ហើយទទួលស្វាគមន៍ដោយមន្រ្តីជាន់ខ្ពស់កម្ពុជាហើយនោះ លោកបណ្ឌិត តូនី តាន់ បានទៅសម្រាកនៅឯសណ្ឋាគារ សូហ្វីតែលភូកេត្រា ប្រមាណជាង៣ម៉ោង រហូតដល់ម៉ោង៥៖០០នាទី ល្ងាចថ្ងៃដដែលនោះ លោកក៏បានអញ្ជើញទៅគោរពវិញ្ញានក្ខន្ធ នៅវិមានឯករាជ្យ មុនត្រឡប់មកសម្រាន នៅសណ្ឋាគារវិញ។

* សម្រាប់ថ្ងៃទី២នៅកម្ពុជា ថ្ងៃទី០៩ មករា ឆ្នាំ២០១៧៖

- នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១០៖៣០នាទី ប្រធានាធិបតីសិង្ហបុរី បានអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះនរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង បន្ទាប់ពីនោះលោកក៏អញ្ជើញទៅទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន Topaz ដោយទទួលស្វាគមន៍ពីឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា។

- នៅម៉ោង៤រសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ លោកប្រធានាធិបតីសិង្ហបុរី បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានចុះអនុស្សារណៈយោគយល់ (MOU) ចំនួន២ រួមមាន MOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី ដែល MoU នេះសិង្ហបុរីនឹងអនុញ្ញាតឱ្យកម្ពុជាបញ្ជូនគ្រូជំនាញបណ្តុះបណ្តាលបច្ចេកទេស៨០នាក់ ទៅរៀលសូត្រក្រេបចំណេះដឹងនៅប្រទេសសិង្ហបុរី ដើម្បីយកមកបណ្តុះបណ្តាលជំនាញទាំងនោះនៅកម្ពុជា។ ចំណែក មួយទៀត អនុស្សារណៈរវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng របស់ប្រទេសសិង្ហបុរី។

- ក្រៅពីនោះក្នុងជំនួបទ្វេភាគីជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រធានាធិបតីសិង្ហបុរី បានកោតសរសើរអំពីភាពរីកចំរើនរបស់កម្ពុជា។ សិង្ហបុរីក៏យល់ព្រមបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនការទិញអង្ករពីប្រទេសកម្ពុជាផងដែរ។

- សម្រាប់ថ្ងៃចន្ទនេះ នៅម៉ោង៧៖០០យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ បានចូលរួមពិធីលៀងសាយភោជន៍ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ នៅក្នុងពិធីនោះត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពរីករាយ និងស្និតស្នាល។

* សម្រាប់ថ្ងៃទី៣ ថ្ងៃទី១០ មករា ឆ្នាំ២០១៧៖

- សម្រាប់ថ្ងៃទី៣ នៃទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា វេលាម៉ោង១១៖០០នាទីព្រឹក លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ បានចុះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ពិនិត្យគម្រោងមួយចំនួនរបស់មន្ទីរពេទ្យសិង្ហបុរី ជាមួយមន្ទីរពេទ្យកាល់ម៉ែត។

- ដោយឡែកនៅវេលាម៉ោង៣៖០៥នាទី រសៀលវិញ លោកប្រធានាធិបតី បានចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​បន្ដដំណើរទៅទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរជាពិសេសប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ អមដំណើរដោយយកចិត្តទុកដាក់ពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួង ព្រះបរមរាជរាំង និង​រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ព្រមទាំងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ខេត្តមួយចំនួនទៀតផងដែរ​។

* សម្រាប់ថ្ងៃទី៤ ថ្ងៃទី១១ មករា ឆ្នាំ២០១៧៖

- បន្ទាប់ពីសម្រាកនៅសណ្ឋាគារសូហ្វីតែលអង្គរ ខេត្តសៀមរាប មួយយប់ ប្រធានាធិបតីសិង្ហបុរី​ លោក តូនី តាន់ កេងយាំ និងភរិយា ព្រមទាំង​គណៈប្រតិភូ ​ក៏បានអញ្ជើញទស្សនាកំសាន្ដ នៅកន្លែងផលិតរូបចម្លាប់បុរាណអង្គរនានា (Artisan Angkor) ​នៅម៉ោង១០៖៥០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

- រហូតដល់ ម៉ោង១៦៖២៥នាទីថ្ងៃដដែល ប្រធានាធិបតីសិង្ហបុរី​ លោក តូនី តាន់ កេងយាំ និងភរិយា ព្រមទាំង​គណៈប្រតិភូ បានបញ្ចប់ការទស្សនកិច្ចនៅខេត្តសៀមរាប រយៈពេល២ថ្ងៃ ហើយចាកចេញពីខេត្តសៀមរាប ត្រឡប់មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញវិញ ដើម្បីបន្ដដំណើរទៅកាន់ប្រទេសឡាវ។​ លោកប្រធានាធិបតីបានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៦៖០០ល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។

សរុបមកទស្សនកិច្ចរបស់ ប្រធានាធិបតីសិង្ហបុរីមកកម្ពុជាលើកនេះ ហាក់ដូចជាមានលក្ខណទេសចរណ៍ផង ដោយសារតែលោកបានចំណាយពេល២ថ្ងៃនៅខេត្តសៀមរាប និងមានលក្ខណៈដើម្បីរឹតចំណងការទូតផងដែរ៕