(ភ្នំពេញ)៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានថ្លែងជំរុញឲ្យសិល្បករ សិល្បការិនី​កម្ពុជាទាំងអស់ ដែលត្រូវឡើងលើវេទិកាច្រៀង ឬសម្តែង សូមជួយអំពាវនាវបញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាអំពើហិង្សាក្នុងគ្រួសារ និងអំពាវនាវ​ពីសកម្មភាពភាពមនុស្សធម៌ ឲ្យបានកាន់តែសកម្មថែមទៀតជូនប្រជាពលរដ្ឋ។

ការថ្លែងអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុប​លទ្ធផលការងារ​ប្រចាំ​ឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា នៅសាលារាជធានីភ្នំពេញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងយ៉ាងដូច្នេះថា «សិល្បករ​ សិល្បការិនី ពេលឡើងលើវេទិកា ច្រៀងចប់សូមអំពាវនាវធ្វើការដល់ប្រជាពលរដ្ឋ ឲ្យជៀស​ឆ្ងាយ​ពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ បញ្ហាអំពើហិង្សាក្នុងគ្រួសារ បញ្ហាមនុស្សធម៌ជួយជនក្រីក្រជាដើម។...ជួនកាលសិល្បករ-សិល្បការិនី ឡើងលើវេទិកា​អំពាវនាវ​បានមួយផ្នែក ពីគ្រោះថ្នាក់ចរាចរណ៍ ឲ្យយុវជនចូលសាលារៀនសូត្រ កុំប្រព្រឹត្តអំពើពាលាអាវ៉ាសែដែលសង្គមស្អប់ខ្ពើម ព្រោះការ​ផ្សព្វផ្សាយរបស់សិល្បករ សិល្បការិនី បានទូលំទូលាណាស់ អីចឹងទេ ការឡើងលើឆាកមួយយប់របស់ពួកគាត់ អាចផ្សាយចេញទូទាំងពិភពលោក ដូច្នេះសូម​សិល្បករ សិល្បការនី បន្តជួយអំពាវនាវថែមទៀត ព្រោះដើម្បីសង្គមជាតិយើងទាំងអស់គ្នា»

សូមជម្រាបថា ក្នុងឱកាសនោះសិល្បករ-សិល្បការិនីចំនួន៣៨រូប ក៏ត្រូវទទួលបានការបំពាក់គ្រឿងឥស្សរិយយស ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ា នី ហ៊ុន សែន ផងដែរ។

សិល្បករ-សិល្បការិនី៣៨រូប ក្នុងនោះមាន១៧រូប ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា និងសិល្បករ-សិល្បការិនី ២១រូប ទទួលបាន​គ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។ ក្នុងនោះមានតារាសម្ដែង តារាចម្រៀង តារាកំប្លែង និងវិរៈសិល្បករជើងចាស់ មួយចំនួនផងដែរ ដែលមានស្នាដៃ នៅក្នុង​ការជួយថែរក្សា តម្លៃវប្បធម៌ អរីយធម៌ និងប្រពៃណី របស់ខ្មែរ៕