(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការលេខ០១ ស្តីអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី១រយៈពេល០៦ខែ របស់រាជរដ្ឋាភិបាលថា កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងនៅតាមមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្ក្រាប និងប្រឆាំងការចរាចរគ្រឿងញៀន ព្រមទាំងការប្រើប្រាស់គ្រឿងញៀនឲ្យខាងតែបាន ដើម្បីស្របការផែនការនេះ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ដែលមានចូលរួមពីបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងនោះ លោក វ៉ី សំណាង បានលើកឡើង ក្នុងន័យអប់រំថា «យើងធ្វើព្រមគ្នាដើម្បីកម្ពុជាគ្មានគ្រឿងញៀន កុំជួញដូរគ្រឿងញៀនជាមុខរបរ ហើយកុំចាត់ទុកគ្រឿងញៀន ជាគ្រឿងសម្រាប់សេពសប្បាយ ហើយត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ត្រូវដកខ្លួនជាបន្ទាន់ចំពោះមុខរបរគ្រឿងញៀន បើមិនដូច្នោះគ្រឿងញៀន និងបំផ្លាញអ្នកវិញជាមិនខាង។ ការដាស់តឿននេះ មិនមែនតែអ្នកកំពុងប្រព្រឹត្តនោះទេ គឺអ្នកចែកចាយ អ្នកជួញដូរ អ្នកប្រើប្រាស់ អ្នកផ្តល់កន្លែងឲ្យ អ្នករក្សាទុកចំពោះគ្រឿងញៀន និងត្រូវទទួលទោសតាមច្បាប់ស្តី អំពីគ្រឿងញៀន ផងដែរ»

លោកអភិបាល បញ្ជាក់ថា កម្លាំងអាវុធហត្ថ កម្លាំងនគរបាល តាមមូលដ្ឋានត្រូវ បង្ក្រាប និងប្រឆាំងគ្រឿងញៀនឲ្យខាងតែបានដាច់ខាត និងអ្នកដែលកំពុងជាប់ពាក់ព័ន្ធ ទប់ស្កាត់រាល់មធ្យោបាយផ្សេងៗ ទាក់ទងនិងការចែកចាយ ជួញដូរចំពោះគ្រឿងញៀន ក៏ត្រូវតែបង្ក្រាបផងដែរ។

អភិបាលខេត្តថា តាមផែនការរបស់រាជរដ្ឋាភិបាលលេខ ០១ផក ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ថាកម្ពុជារក្សាបានកិត្តិយសល្អ ជាប្រទេសមិនផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀន ប៉ុន្តែនៅមានសកម្មភាពលួចលាក់នាំចូលគ្រឿងញៀនពីក្រៅប្រទេស តាមព្រំដែនច្រករបៀង តាមជើងយន្តហោះ ពីទ្វីបអាហ្វ្រិក និងអាមេរិចខាងត្បូង ក្នុងគោលដៅដើម្បីបន្តនាំចេញទៅប្រទេសទី៣ និងមួយចំនួនសម្រាប់ទីផ្សាក្នុងប្រទេសផងដែរ៕