(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ ទឹកប្រាក់មានរហូតជាង៥០០លានដុល្លារ ត្រូវបានផ្ញើមកស្រុក តាមរយៈពលករខ្មែរដែលកំពុងបម្រើការងារនៅកូរ៉េខាងត្បូង។

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត បានចុះសួរសុខទុក្ខ និងស្វាគមន៍ បងប្អូនពលករកម្ពុជាចំនួន៤៣នាក់ ផ្នែកឧស្សាហកម្ម ដែលទើបមកដល់សាធារណរដ្ឋកូរ៉េ ហើយកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ នៅវិទ្យាស្ថាន Ansung ខេត្តGyeonggi នៃសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ មុននឹងចេញទៅបម្រើការងារនៅតាមរោងចក្រ។

ជាមួយគ្នានោះ លោក ឡុង ឌីម៉ង់ និងក្រុមការងារ ក៏បានជួបពិភាក្សាការងារជាមួយនឹង លោក Kim Yong Boo នាយកផ្នែកបណ្ដុះបណ្ដាលពលករបរទេស នៃវិទ្យាស្ថាន Ansung និងសហការី។

លើកឡើងក្នុងកិច្ចប្រជុំនោះ លោកឯកអគ្គរាជទូត បានចាត់ទុកថាការបញ្ជូនពលករពីកម្ពុជា មកបម្រើការងារគីមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសទាំងពីរ និងការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។ «ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៦ ទឹកប្រាក់ប្រមាណជាង៥០០លានដុល្លា បានហូរចូលកម្ពុជា តាមរយៈបងប្អូន​ពលករ​ខ្មែរ ដែលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ផ្ញើជូនទៅក្រុមគ្រួសារ»

 បន្ថែមពីលើនេះ លោកបានចាត់ទុកថា សាធារណរដ្ឋកូរ៉េ គឺជាសាលាដ៏ធំមួយ ដែលបានបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេស ដល់ពលករកម្ពុជាប្រមានជាង៥ម៉ឺននាក់ ដែលកម្ពុជាកំពុងមានតម្រូវការពលករជំនាញបែបនេះ។

ឆ្លៀតក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ និងក្រុមការងារ បានបន្ដអប់រំផ្សព្វផ្សាយពីការថែរក្សាសុខភាព សុវត្ថិភាព ក្នុងការរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ការផ្ដល់សេវាសាធារណៈរបស់ស្ថានទូត និងការរៀបចំទុកដាក់សន្សំថវិការ ជូនបងប្អូនពលករដែលទើបនឹងមកដល់សាធារណរដ្ឋកូរ៉េ៕