(កោះកុង)៖ បុរសអនាថាម្នាក់ ត្រូវម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បុកបណ្ដាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាទាបភ្លឺ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ លើកកំណាត់ផ្លូវជាតិលេខ៤ ​ចំណុចបង្គោលគីឡូលេខ៤៩-៥០ ​ជិតវត្តខ្សាច់ស ស្ថិតក្នុងភូមិអូរជ្រៅ​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល។

មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា បុរសដែលត្រូវម៉ូតូបុកស្លាប់នេះ មិនស្គាល់អត្តសញ្ញាណនោះទេ ពោលគឺប្រជាពលរដ្ឋថា ឃើញដើរនៅម្ដុំកន្លែងកើតហេតុ ២-៣ថ្ងៃ​ហើយ។ សមត្ថកិច្ចថា បុរសរងគ្រោះអាយុប្រមាណជា៥០ឆ្នាំ ជាជនពិការដៃ ហើយពាក់អាវដៃខ្លឺពណ៌ខ្មៅ ស្លៀកខោខ្លីពណ៌ក្រហម​ ដោយឡែកម៉ូតូបង្កបានរត់​គេចខ្លួនបាត់​ស្រមោល។

បច្ចុប្បន្ននគរបាលមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវដើម្បីរកក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសពកំពុងតម្កល់នៅវត្តស្ទឹងឆាយ៕