(ភ្នំពេញ)៖ តួលេខផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅព្រឹកព្រលឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នៅឆ្នាំ២០១៦​កន្លង​ទៅថ្មីៗនេះ ភ្ញៀវទេសចរចិន បានទិញប័ណ្ណចូលទស្សនា តំបន់អង្គរច្រើនជាងគេបំផុត រហូតដល់ជិត៦៧ម៉ឺននាក់ កើនឡើង៣០% បើធៀបនឹងឆ្នាំ២០១៥ ខណៈ​ប្រទេសកូរ៉េខាងត្បូង ជាប់លេខ២ មានចំនួនជិត២៥ម៉ឺននាក់ និងសហរដ្ឋអាមេរិក ជាប់លេខ៣ មានចំនួនជាង១៥ម៉ឺននាក់។  

ដោយឡែកសម្រាប់ប្រទេសជាប់លេខ៤ គឺប្រទេសអង់គ្លេស មានចំនួនជាង១២ម៉ឺននាក់, លេខ៥ ប្រទេសជប៉ុន មានជាង១២ម៉ឺននាក់, លេខ៦ ប្រទេសបារាំង មានចំនួន​ជិត១០ម៉ឺននាក់, លេខ៧ ប្រទេសអូស្ត្រាលី មានចំនួនជាង៩ម៉ឺននាក់, លេខ៨ ប្រទេសថៃ មានចំនួនជាង៨.៥ម៉ឺននាក់, លេខ៩ ប្រទេសអាល្លឺម៉ង់ ជាង៧.៧ម៉ឺននាក់ និង​លេខ​១០ ប្រទេសវៀតណាម មានចំនួនជិត៧ម៉ឺននាក់។

សូមជម្រាបថា នៅឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរអន្តរជាតិចំនួន១៨៨ប្រទេស បានចូលមកទស្សនាតំបន់អង្គរ ស្មើនឹងជាង២លាននាក់។  

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល១២ខែ ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណ ចូលទស្សនា​តំបន់អង្គរ ទៅឲ្យភ្ញៀវទេសចរបរទេស ចំនួន ២,១៩៧,២៥៤ នាក់ កើនឡើង៤.៦៣ភាគរយ ប្រមូលចំណូលបាន ៦២,៥៨២,២០០ដុល្លារអាមេរិក កើនឡើង៤.២១ភាគរយ បើធៀបនឹងឆ្នាំ២០១៥។

ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណចូលទស្សនាតំបន់អង្គរជូនភ្ញៀវបរទេសបានចំនួន ២៤៩,៤៨២នាក់ ប្រមូលចំណូលបាន ៧,១៦១,៣០០ដុល្លារ។

សូមជម្រាបថា បណ្ណ័ចូលទស្សនារមណីយដ្ឋានអង្គរ នាបច្ចុប្បន្នត្រូវបានកំណត់ជា៣ប្រភេទ រួមមានតម្លៃ២០ដុល្លារ ចូលទស្សនាបាន១ថ្ងៃ, ប័ណ្ណតម្លៃ៤០ដុល្លារ មានរយៈ​ពេល​១សប្តាហ៍ ចូលទស្សនាបាន៣ដង, និងប័ណ្ណតម្លៃ៦០ដុល្លារ មានរយៈពេល១ខែចូលទស្សនា បាន៧ដង។

ដោយឡែក ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ទៅ គ្រឹះស្ថានអង្គរនឹងដំឡើងថ្លៃលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងនោះប័ណ្ណ ដែលចូលទស្សនាមាន ៣ប្រភេទ រួមមាន៖ ទី១.ចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ទី២.ចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ ដែលមានសុពលភាពរយៈពេល១០ថ្ងៃ និងទី៣.តម្លៃ៧២ដុល្លារ ចូល​ទស្សនា​បាន៧ថ្ងៃ មានសុពលភាពរយៈពេល ៣០ថ្ងៃ៕