(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានបើកអង្គសន្និបាតត្រួតពិនិត្យ និងវាយតម្លៃលើ សេចក្ដីព្រាងរបាយការណ៍ លទ្ធផលរបស់គណបក្សសង្កាត់ស្វាយប៉ាក អាណត្តិទី៣ ឆ្នាំ២០១២-២០១៧ ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំ និងលើកទិសដៅអនុវត្ត គោលនយោបាយបន្ត ឆ្នាំ២០១៧-២០២២។

អង្គសន្និបាតបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមជាអធិបតីរបស់ លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារ ចុះជួយខណ្ឌឫស្សីកែវ និងមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ រួមនិងសមាជិក-សមាជិការបក្ស មកពីភូមិស្វាយប៉ាក ភូមិលូ ភូមិឡកំបោរ ជាង១ពាន់នាក់។

សន្និបាតនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍សង្កាត់ រយៈពេល៥ឆ្នាំ កន្លងមក និងលើកទិសដៅបន្តភារកិច្ច ដោយដាក់ចេញនូវកម្មវិធីនយោបាយរបស់ គណៈកម្មាធិការគណបក្សសង្កាត់ សម្រាប់អភិវឌ្ឍន៍ពី ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅ នៅ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

ជាមួយគ្នានេះ អង្គសន្និបាតនេះ ក៏បានត្រួតពិនិត្យវាយតម្លៃលើ សេចក្ដីព្រាងរបាយការណ៍លទ្ធផលរបស់គណបក្ស សង្កាត់ស្វាយប៉ាក អាណត្តិទី៣ (២០១២-២០១៧) ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំ និងលើកទិសដៅអនុវត្តគោលនយោបាយ៥ឆ្នាំបន្ត (២០១៧-២០២២) ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងរបៀបរៀបរយនៃដំណើរការ សន្និបាតគណៈកម្មាធិការគណបក្សសង្កាត់ និងសូមឲ្យសមាជិក-សមាជិកាទាំងអស់ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមកម្មវិធី នៃសេចក្តីប្រកាសផ្សេងៗរបស់អង្គសន្និបាត ដោយមានការតាមដានស្តាប់រាល់របាយការណ៍ មុនពេលសម្រេចអនុវត្តន៍សម្រេចលើបញ្ហាផ្សេងៗ ឲ្យបានត្រឹមត្រូវ ក្នុងការអនុម័តប្រកបដោយប្រសិទ្ធភាពខ្ពស់ មានគុណភាព និងតម្លាភាព៕