(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កងទ័ព និងប្រជាពលរដ្ឋ គឺតែមួយ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងចំពេល ដែលកងយោធពលខេមរភូមិន្ទបានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនៅមជ្ឈមណ្ឌលកោះពេជ្រ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ កងយោធពលខេមរភូមិន្ទ បានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួប ៣៨ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា ថ្ងៃវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ការរៀបចំការប្រកួតកីឡា ដែលបើកឲ្យមហាជនចូលរួមទស្សនាដោយសេរីនេះ ដើម្បីរំលឹកដល់គុណូបការៈរបស់កងទ័ព និងវីរភាពរបស់ អតីតយុទ្ធជន ដែលបានពលីជីវិត និងកម្លាំងកាយសព្វបែបយ៉ាងដោយមិនរុញរារំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត។ ការប្រកួតកីឡាកងទ័ព ក៏ចង់បង្កើននូវភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋ ជាមួយនិងកងទ័ព ជាពិសេសចង់បង្ហាញពីគុណតម្លៃរបស់កងទ័ពទៅកាន់ ប្រជាពលរដ្ឋផងដែរ។

តាមរយៈទំព័រ Facebook សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលេចផងដែរពីគុណូបការៈ នៃថ្ងៃជ័យជម្នះ ៧មករា ដែលកើតចេញពីការតស៊ូដ៏ អង់អាចរបស់កងទ័ព។ សម្តេចតេជោ បានថ្លែងថា ថ្ងៃប្រវត្តិសាស្រ្តជ័យជម្នះ ៧មករា គឺមិនត្រឹមតែផ្តល់នូវអាយុជីវិតទី២ ដល់ពលរដ្ឋឡើយ គឺ៧មករា បាននាំមកនូវសុខសន្តិភាព និងវឌ្ឍនៈភាពរីកចម្រើនមកទល់សព្វថ្ងៃនេះ។ ៧ មករា បានធ្វើឲ្យកម្ពុជា ទាំងមូលកាន់ងើបខ្ពស់ឡើងស្មើមុខមាត់ជាមួយប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់វីរៈកងទ័ព និងអតីតយុទ្ឋជនទាំងអស់ ដែលបានតស៊ូពលីលះបង់គ្រប់យ៉ាងដើម្បីកម្ពុជា៕