(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយមានលោក សៅ សុខា ជាប្រធាន បានចូលរួមអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ សម្រេចផ្ដល់ពានរង្វាន់ដ៏ពិសេសជូនសម្ដេច គឺពាន «ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ» បន្ទាប់ពីសម្ដេចបានខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រ និងជំរុញវិស័យកីឡាកម្ពុជាឲ្យរីកចម្រើនក៏ដូចជាជួយគាំទ្រដល់ចលនាអូឡាំពិក ឆ្ពោះទៅរកការកសាងពិភពលោកមួ ប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក។

ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់លើការ អភិវឌ្ឍន៍គ្រប់ប្រភេទកីឡាជាតិ ពិសេសគឺកីឡាបាល់ទាត់ ដែលកន្លងមកសម្ដេចតែងចំណាយថវិកាផ្ទាល់របស់សម្ដេច ដើម្បីលើកទឹកចិត្តដល់ការខិតខំរបស់កីឡាករ ជម្រើសជាតិគ្រប់កម្រិត ។ ដោយហេតុនេះថ្នាក់ដឹកនាំសហព័ន្ធ បានជូនរសម្ដេចតេជោ ទទួលបានតែសុខភាពល្អបូរិបូរណ៍ កម្លាំងមាំមួន និងមានប្រាជ្ញាឈ្លាសវៃ ដើម្បីបន្ដដឹកនាំប្រទេសជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យបន្ថែមទៀត។

គួរបញ្ជាក់ថា បើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករាខាងមុខនេះ លោក ថូម៉ាស់ បាច់ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នឹងចាត់បញ្ជូនតំណាងរបស់ខ្លួននាំយកពានរង្វាន់ដ៏ពិសេសខាងលើ ប្រគល់ជូនដល់សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព៕