(សៀមរាប)៖ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី​ក្នុងពិធីជួប​សំណេះសំណាលជាមួយ កងកម្លាំងប្រដាប់អាវុធ គ្រួសារកម្មាភិបាល និងនិវត្តជន មន្ដ្រីរាជការស៊ីវិល ចំនួន១,៦១៨នាក់ នៅ២កន្លែងផ្សេងគ្នា ក្នុងខេត្តសៀមរាប។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកក្នុងខេត្ត មួយចំនួនទៀតផងដែរ។

ជាមួយគ្នានោះដែរ និវត្តជនកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកម្មាភិបាល យុទ្ធជនមានគុណបំណាច់ ប្រមាណ១,០០០នាក់ ត្រូវបានថ្នាក់ដឹកនាំ ជួបសំណេះសំណាល​នៅសាលមហោស្រព ​រ៉ូសាណាប្រូតវ៉េ ​និងនិវត្តជន មន្ត្រីរាជការស៊ីវិល ចំនួន​៦១៨​នាក់ ជួបសំណេះសំណាល នៅក្នុងបរិវេណមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្ត​សៀមរាប។ ក្រៅពីការជួបសំណេះសំណាល ថ្នាក់ដឹកនាំខេត្តសៀមរាប ក៏ចែកជូនអំណោយ មួយចំនួន ដល់អ្នកចូលរួមទាំងអស់ផងដែរ៕