(កណ្ដាល)៖ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ បានចុះបើកការដ្ឋាន​សាងសង់​លំនៅឋានសាធារណៈ មានតម្លៃសមរម្យសម្រាប់គ្រួសារមន្ត្រីរាជការ ដែលមានទីតាំងស្ថិតនៅតាមបណ្តាលផ្លូវជាតិលេខ២១ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត​កណ្តាល ចម្ងាយ៨គីឡូម៉ែត្រ ពីក្រុងតាខ្មៅ។

ចំនួនផ្ទះដែលត្រូវធ្វើការសាងសង់នោះ មានចំនួន ២,២៩៧ល្វែង ចែកជាពីរប្រភេទ លើផ្ទៃដីសរុបជាង២៤ហិកតា។ ការិយាល័យលក់លំនៅឋានសាធារណៈនេះ នឹងចាប់​បើកនៅខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ ដែលមានទីតាំងនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ២ ហើយនឹងបើកលក់​-ទទួល​ពាក្យ​ស្នើសុំទិញលំនៅឋាន និងប្រកាសបើកលក់ជាសាធារណៈ ក្នុងរយៈពេល២ទៅ៣ខែ ខាងមុខ។

ប្រភេទផ្ទះមាន២ គឺ៖  
* ផ្ទះប្រភេទទី១ ចំនួន២០២៥ខ្នង៖ ទំហំដី ៤ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ ៤ម៉ែត្រ គុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេងពីរ បន្ទប់ទឹក១
* ផ្ទះប្រភេទទី២ចំនួន២៧២ខ្នង៖ ទំហំដី ៦ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ៦ម៉ែត្រគុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង៣ និងបន្ទប់ទឹក៣
* លំហរមុខផ្ទះ ១.៥ម៉ែត្រ
* លំហរក្រោយផ្ទះ ២ម៉ែត្រ

គម្រោងផ្ទះល្វែងនេះ នឹងលក់សម្រាប់តែមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងជនពិការ ក្នុងតម្លៃសមរម្យ ដែលធ្វើការអភិវឌ្ឍដោយ ក្រុមហ៊ុន  វើលដ៏ប៊្រជឡែន ខូអិលធីឌី៕