(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសៅរ៍នេះ បានប្រកាសជាថ្មីថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តអនុវត្តយ៉ាងស្មោះស ចំពោះវប្បធម៌សន្ទនា ជាមួយគណបក្សនយោបាយ ដែលមានអសនៈនៅរដ្ឋសភា។

ការប្រកាសជាថ្មីរបស់ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងពិធីរម្លឹកខួបលើកទី៣៨ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តយ៉ាងស្មោះសរនូវវប្បធម៌សន្ទនា ជាមួយគណបក្ស ដែលមានអសនៈនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ»

ការប្រកាសជាថ្មីរបស់ប្រធានគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបន្តចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា គ្មានភាពស្មោះត្រង់ក្នុងការអនុវត្តវប្បធម៌សន្ទនាជាមួយ លោក កឹម សុខា។ តាមរយៈការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានហៅវប្បធម៌សន្ទនារវាងសម្តេចតេជោ និង​លោក កឹម សុខា ថាជាការចរចាក្នុងគោលបំណង បំបែកគណបក្សសង្រ្គោះជាតិ។

ទោះជាយ៉ាងណា នាពេលកន្លងទៅ មន្រ្តីគណបក្សប្រជាជនកម្ពុជា បានច្រានចោលព័ត៌មាននេះ ហើយថា គ្រាន់តែជាគំនិតរវើរវាយរបស់ លោក សម រង្ស៊ី តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ការមិនស្មោះត្រង់ ការប្រើពាក្យសម្តីអសុរសវាយប្រហាគ្នា និងការញុះញង់បង្ក បញ្ឆេះឱ្យមានការគុំកួន ចងកំហឹងនឹងគ្នា គឺមិនអាចរក្សាអាយុជីវិតនៃវប្បធម៌សន្ទនាបានឡើយ មិនតែប៉ុណ្ណោះវានឹងបំផ្លាញនូវឯកភាពជាតិរបស់យើង»

សូមបញ្ជាក់ថា គណបក្សនយោបាយទាំងពីរ ដែលមានអសនៈនៅក្នុងរដ្ឋសភា បានចាប់ផ្តើមបន្តវប្បធម៌សន្ទនាជាថ្មី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីមានការលើកលែងទោសដល់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានេះ លោក កឹម សុខា ក៏ត្រូវបានតែងតាំងជាប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្ត និងជាប្រធានក្រុមសំឡេងភាគតិច នៅក្នុងរដ្ឋសភា ជំនួសលោក សម រង្ស៊ី ផងដែរ។ គណបក្សទាំងពីរ ក៏មានបំណងជួបពិភាក្សាគ្នា ក្នុងរដ្ឋសភា នៅក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះផងដែរ៕