(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសោរ៍នេះ បានរម្លឹកឡើងវិញអំពីការឈឺចាប់ដ៏ធំធេងរបស់កម្ពុជា កាលពីអំឡុង៣០ឆ្នាំមុន។ សម្តេចចាត់ទុកថា មហន្តរាយ និងសោកនាដកម្មដ៏ធំធេងដែលបានធ្លាក់សង្កត់មកលើប្រជាជនកម្ពុជានេះ គឺផ្តើមឡើងដោយរដ្ឋប្រហាររបស់ លន់ ណុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «មហន្តរាយ និងសោកនាដកម្ម ដ៏ធំធេងដែលបានធ្លាក់សង្កត់មកលើប្រជាជនកម្ពុជានេះគឺផ្តើមឡើងដោយ រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ តាមរយៈខ្សែញាក់របស់បរទេស ដែលបង្កជាភ្លើងសង្រ្គាមឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដុតបំផ្លាញទឹកដីមាតុភូមិយើង និងបានសម្លាប់អាយុជីវិតប្រជាជនកម្ពុជាជាងកន្លះលាននាក់»

ការរម្លឹកឡើងវិញអំពីសោកនាដកម្មរបស់កម្ពុជានេះ បានធ្វើឡើងនៅក្នុងពិធីរម្លឹកខួបលើកទី៣៨ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា នៅទីស្នាក់ការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។ ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា មានរដ្ឋប្រហារនោះ ទើបធ្វើឱ្យមានខ្មែរក្រហមកើតឡើង ហើយបង្កើតសង្រ្គាមនៅកម្ពុជារាប់សិបឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះថា «ក្រោយថ្ងៃរំដោះ ១៧ មេសា ឆ្នាំ១៩៧៥ (ថ្ងៃដែលប៉ុលពតដណ្តើមបានក្រុងភ្នំពេញ) ប្រជាជនកម្ពុជាសង្ឃឹមថា នឹងបានរស់នៅក្នុងសន្តិភាព ប៉ុន្តែផ្ទុយទៅវិញ បនក្បត់ ប៉ុល ពត បានប្លន់យកទាំងស្រុងនូវសមិទ្ធផលនៃជ័យជម្នះនេះ បង្កើតឡើងរបបប្រល័យពូជសាសន៍ សម្លាប់រង្គាលប្រជាជនខ្លួនឯង បំផ្លាញអ្វីៗគ្រប់យ៉ាងដែលជាតម្លៃស្មារតី និងសម្ភារៈរបស់ជាតិ ធ្វើឱ្យទឹកដីមាតុភូមិដែលឆេះខ្លោចដោយភ្លើងសង្រ្គាមទៅហើយនោះ ក្លាយទៅជាវាលពិឃាតយ៉ាងសាហាវឃោរឃៅបំផុត»

សម្តេចបញ្ជាក់ទៀតថា «ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួក ប៉ុលពត បានបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់ សិទ្ធិសេរីភាព ដែលជាតម្លៃសារវ័ន្តរបស់មនុស្ស ត្រូវបានលុបបំបាត់ទាំងស្រុងប្រជាជនជាង៣លាននាក់ ត្រូវបានសម្លាប់យ៉ាងអាណោចអធម។ ច្បាស់ណាស់ថា បើគ្មានការជួយ សង្រ្គោះឱ្យទាន់ពេលវេលានោះប្រជាជនកម្ពុជា នឹងត្រូវបន្តកម្ទេចបង់ដោយគ្មានទីបញ្ចប់ឡើយ»

របបប្រល័យពូជសាសន៍ ប៉ុលពត បានដួលរលំទាំងស្រុងនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដែលប្រជាជនជាច្រើនចាត់ទុកថា ជាថ្ងៃកំណើតទី២របស់កម្ពុជា ក្រោមការរំដោះរបស់ រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា (គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ) ដោយមានការជួយឧបត្ថម្ភពីសំណាក់ កងទ័ពស្ម័គ្រចិត្តរបស់វៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ជ័យជម្នះ ៧មករា បានសង្រ្គោះជីវិតប្រជាជនដែលនៅសេសសល់បានទាន់ពេលវេលា បានដណ្តើមវិញនូវ សិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាជន បានធ្វើឱ្យតម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនផ្តុំរាប់ពាន់ឆ្នាំមកហើយនោះបានរស់ឡើងវិញ និងបានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ»

សូមបញ្ជាក់ថា នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ប្រកាសអំពាវនាវដល់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកពិចារណា លើការលុបបំណុលរបស់កម្ពុជា ដែលជំពាក់សហរដ្ឋអាមេរិកកាលពីសម័យ លន់ ណុល ផងដែរ។ សម្តេចបាននិយាយថា អាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារ ទម្លាក់សម្តេចសីហនុ ថ្ងៃទី១៨ មេសា ឆ្នាំ១៩៧០ ដែលនាំឱ្យមានសោកនាដកម្មដល់កម្ពុជាយ៉ាងធ្ងន់ធ្ងរ៕