(ព្រះសីហនុ)៖ ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT ដែលតភ្ជាប់ពីប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និង ប្រទេសថៃ បានមកដល់ខេត្តព្រះសីហនុ នៅក្នុងសប្តាហ៍នេះ។

នាវា និងក្រុមវិស្វករជំនាញរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម បានធ្វើការអូស និងតភ្ជាប់ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រនេះ ទៅស្ថានីយ៍ខ្សែកាប្លិ៍មិត្តភាព នៅខេត្តព្រះសីហនុ នៅវេលាម៉ោង៦៖១៧នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព និងការចុះត្រួតពិនិត្យពីលោក ម៉ូវ ចរិយា ប្រធាននិយ័តករទូរគនាគមន៍កម្ពុជា និងសហការី។

ក្រុមហ៊ុន តែលកូថេក ដែលជាក្រុមហ៊ុនមួយ របស់អ៊ីហ្ស៊ីខម បានប្រកាសការធ្វើការសាងសង់ ខ្សែកាប្លិ៍អុបទិកក្រោម បាតសមុទ្រ MCT កាលពីខែមិថុនា ឆ្នាំ២០១៣ និងប្រកាសចាប់ផ្តើមប្រតិបត្តិការ នៅត្រីមាសទីមួយនៃឆ្នាំ២០១៧។

នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន តែលកូថេក បានបញ្ចប់ការសាងសង់ស្ថានីយ៍ កណ្តាលសម្រាប់ខ្សែកាប្លិ៍ MCT ក្នុងខេត្តព្រះសីហនុ ដែលមានឈ្មោះថា «ស្ថានីយ៍ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រមិត្តភាព» ដែលមានទីតាំងស្ថិតនៅឆ្នេរអូត្រះ ខេត្តព្រះសីហនុ។

ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ MCT មានវិសាលភាពប្រហែល១៣០០គីឡូម៉ែត្រ និងអនុម័តនូវបច្ចេកវិទ្យា ១០០Gbps ជាមួយនឹងសមត្ថភាពគាំទ្រ យ៉ាងហោចណាស់ ៣០Tbps។ វានឹងធ្វើឲ្យកម្ពុជា ក្លាយជាច្រកចេញចូល ទៅកាន់តំបន់អាស៊ី និងជួយពង្រីកការតភ្ជាប់របស់កម្ពុជា ទៅកាន់អាស៊ានក៏ដូចជាពិភពលោកទាំងមូល តាមរយៈប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។

ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រនេះ មានតម្លៃវិនិយោគជិត១០០ លានដុល្លារសហរដ្ឋអាមេរិក។

លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្ម របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានឲ្យដឹងថា «ក្រុមហ៊ុន អ៊ីហ្ស៊ីខម តែលកូថេក កំពុងខិតខំរួមចំណែកធ្វើឲ្យកម្ពុជា មានឯករាជ្យភាព ក្នុងវិស័យទូរគមនាគមន៍ និងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងលើកកម្ពស់ សមត្ថភាពសេវាសារគមនាគមន៍ទូទៅ របស់ប្រទេស ដែលធានាបាននូវសន្តិសុខ និងសុវត្ថិភាពទិន្នន័យ តាមរយៈការនាំមកនូវខ្សែកាប្លិ៍អុបទិកក្រោម បាតសមុទ្រលើកដំបូងនៅកម្ពុជា»។

លោកបានបញ្ជាក់ថែមទៀតថា «លទ្ធភាពដែលកម្ពុជា អាចតម្លើងខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រនេះ គឺជាការបង្ហាញនូវភាពខ្លាំង របស់កម្ពុជាក្នុងឯករាជ្យភាព នៃការផ្គត់ផ្គង់សេវាអ៊ីនធឺណិត ដែលមានល្បឿនលឿន ហើយអាចធានាបាននូវសន្តិសុខ និងសុវត្ថិភាពព័ត៌មាន និងទិន្នន័យទូរគមនាគមន៍ព័ត៌មានវិទ្យា»

លោក ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដែលជាអ្នកចុះត្រួតពិនិត្យការអូសខ្សែកាប្លិ៍អុបទិក បានថ្លែងថា «ការចុះពិនិត្យខ្សែកាប្លិ៍អុបទិកនាពេលនេះ គឺដើម្បីពិនិត្យទៅលើបច្ចេកទេស របស់ក្រុមហ៊ុនក្នុងការអូសខ្សែកាប្លិ៍ ក្រោមបាតសមុទ្រជាលើកទី១ សម្រាប់ប្រទេសកម្ពុជាយើង។ ទាំងនេះគឺជាការរីកចំរើន របស់ប្រទេសកម្ពុជាដែលមាន បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រល្បឿនលឿន សម្រាប់ការប្រើប្រាស់ នឹងកាត់នូវរយៈចំងាយដែលកន្លងមក យើងធ្វើការអូសឆ្លងកាត់ប្រទេសថៃ ប្រទេសវៀតណាម តាមបណ្តាញផ្លូវគោកមក ដល់ប្រទេសកម្ពុជា»