(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីរបស់ខ្លួនចុះទៅពិនិត្យដោយផ្ទាល់នៅកន្លែងដងត្រីធ្វើប្រហុកស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។

លោករដ្ឋមន្រ្តី បានថ្លែងប្រាប់ Fresh News ថា ត្រីសម្រាប់ធ្វើប្រហុកនៅឆ្នាំ២០១៧នេះ ត្រូវច្រើនជាងឆ្នាំ២០១៦កន្លងទៅ ពោលមានការកើនឡើង ៣-៤ដង។ លោករដ្ឋមន្រ្តី បានឲ្យដឹងថា ការប្រមូលត្រីប្រហុកទឹកសាប នៅឆ្នាំ២០១៦ បានចំនួន ១៣៥ពាន់តោន តែឆ្នាំ២០១៧ រំពឹងទទួលបានរហូតដល់ទៅ ១៤០ពាន់តោន។

លោក វេង សាខុន ក៏បានឲ្យដឹងផងដែរថា ត្រីប្រហុកនៅឆ្នាំនេះ មានតម្លៃចន្លោះពី ១០០០រៀល ទៅ ២០០០ពាន់រៀល។ លោក វេង សាខុន បានសង្កេតឃើញទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើនមកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល គឺមកទីឆ្ងាយៗនាំគ្នាមកដេកធ្វើប្រហុក។

ជាការកត់សម្គាល់របស់លោករដ្ឋមន្រ្តីមួយទៀតនោះ គឺបណ្តាឆ្នាំកន្លងទៅប្រជាពលរដ្ឋនាំគ្នាបរទេសមកធ្វើត្រីប្រហុក តែនៅឆ្នាំនេះមានប្រជាពលរដ្ឋខ្លះនាំគ្នាជិះគោយន្តមកធ្វើត្រីប្រហុក ដែលបង្ហាញពីភាពល្អប្រសើរនៃជីវភាពរបស់ពួកគាត់។

លោក វេង សាខុន ក៏បានឲ្យដែរថា ត្រីប្រហុកអាចនឹងត្រូវខ្លាំងនៅអំឡុង ២-៣ថ្ងៃទៀត រហូតដល់ខែក្រោយ ព្រោះទឹកនៅខ្ពស់ខ្លាំង។ លោករដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅធ្វើត្រីប្រហុក ទុកសម្រាប់ហូបចុកនៅក្នុងរដូវវស្សា ក៏ដូចប្រើប្រាស់ប្រចាំថ្ងៃ៕