(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿង​ញៀន៤៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៧៨នាក់ (ស្រី៣នាក់) នេះបើយោងតាមលទ្ធផលផ្លូវការ នៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១ ដែលអង្គភាព Fresh News ទទួលបាន។  

ក្នុងការបង្ក្រាបគ្រឿងញៀន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នោះ មានករណីជួញដូរគ្រឿងញៀន២៧ករណី ឃាត់ខ្លួន៤៣នាក់ និងករណីប្រើប្រាស់គ្រឿង​ញៀន​១៧ករណី ឃាត់ខ្លួន៣៥នាក់ (ស្រី៣នាក់)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​បាន​លទ្ធផល​ល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕