(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានផ្សព្វផ្សាយតាមរយៈ Facebook កាលពីម្សិលមិញថា លោកជិតបានត្រឡប់មកដល់ ប្រទេសកម្ពុជាវិញហើយ។ ប៉ុន្តែក្រសួងមហាផ្ទៃ ជឿជាក់ថា លោក សម រង្ស៊ី នឹងប្រឈមនឹងការអនុវត្តច្បាប់ចាប់បញ្ចូលពន្ធនាគារ បើសិនជាលោកបង្ហាញវត្តមាន ក្នុងប្រទេសមែននោះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា រហូតដល់ពេលនេះ មិនមាននរណាហាម លោក សម រង្ស៊ី មិនឱ្យត្រឡប់មកប្រទេសកម្ពុជាទេ ប៉ុន្តែលោកនឹងត្រូវប្រឈមមុខច្បាប់ បើសិនជាត្រឡប់មកដល់ប្រទេសកម្ពុជា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជឿជាក់ថា លោក សម រង្ស៊ី នឹងមិនហ៊ានមកប្រទេសកម្ពុជា ដូចការលើកឡើងរបស់លោក ពេលនេះឡើយ។

លោក ខៀវ សុភ័គ បាននិយាយថា «តាមផ្លូវច្បាប់ គ្មាននរណាអាចនិរទេសអ្នកមានសញ្ជាតិខ្មែរ ចេញពីប្រទេសកម្ពុជាបានទេ។ ឯកឧត្តម សម រង្ស៊ី មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលមកកម្ពុជា ប៉ុន្តែគ្រាន់តែថា មានដីការរង់ចាំស្វាគមន៍គាត់តែប៉ុណ្ណឹង»។ លោកបានបន្ថែមថា «ខាងសមត្ថកិច្ចនឹងអនុវត្តតាមដីកានោះ នេះគឺជាច្បាប់»។

នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេច ចេញពីការអនុវត្តច្បាប់នោះ បាន Comment ឆ្លើយឆ្លងជាមួយសកម្មជនខ្លួន។ ក្នុងការឆ្លើយឆ្លងនោះ លោកបានបង្ហាញពីការនឹងរលឹកដល់សកម្មជន ហើយអះអាងថា លោកជិតបានមកជួបពួកគេហើយ។

លោក សម រង្ស៊ី បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរការខំប្រឹងប្រែង របស់សកម្មជន គណបក្សសង្គ្រោះជាតិទាំងអស់គ្នា ជាទីនឹករលឹក។ ខ្ញុំជិតបានមកជួបបងប្អូន ក្មួយៗ វិញហើយ»

គិតរហូតដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ ដែលលោក សម រង្ស៊ី បាននិរទេសខ្លួនឯង ទៅក្រៅប្រទេស ក្រោយពេលតុលាការបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តតាមសាលក្រមតុលាការ ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់មួលបង្កាច់លើ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ សំណុំរឿងនោះ តុលាការបានសម្រេចផ្តន្ទាទោសឱ្យ លោក សម រង្ស៊ី ជាប់ពន្ធនាគារ២ឆ្នាំ។

ដោយឡែកនាថ្មីៗនេះ តុលាការក្រុងភ្នំពេញក៏បានសម្រេចផ្តន្ទាទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំថែមទៀត ពាក់ព័ន្ធនឹងសំណុំរឿងក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ដោយបង្ហោះនៅលើទំព័រ Facebook។ ក្រៅពីនោះ ប្រធានគណបក្សប្រឆាំងរូបនេះ ក៏មានសំណុំរឿងមួយចំនួនទៀត កំពុងស្ថិតនៅក្នុងដៃរបស់តុលាការផងដែរ៕