(ភ្នំពេញ)៖ នៅរសៀលថ្ងៃនេះរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកនាំពាក្យបានចេញលិខិតចំហរមួយឆ្លើយតបនឹងសំណួរមួយចំនួនរបស់អ្នកសារព័ត៌មានថា «ជ័យជំនះប្រាំពីរមករា១៩៧៩ ជាជ័យជំនះនៃការឈ្លានពានរបស់យួននៅកម្ពុជា»?

លោក ផៃ ស៊ីផាន បានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «នេះជាសំនួរដ៏ជ្រួចច្រាវមួយ ដែលខ្ញុំយស់ឃើញថា ការលើកឡើងមកនេះគឺស្ថិតនៅក្រោមឥទ្ធិពល នយោបាយជាជាងការពិតអ្វី ដែលេជាការពិតពីអ្វីនៃការស្លាប់រង្កៀលរបស់ប្រជាពលរដ្ឋកម្ពុជា ជាក់ស្ដែងនៅក្នុងរបបប្រល័យប៉ុលពត។ ជាក់ស្តែងនៃអ្វីដែលជាលទ្ធផលកើតចេញពីជ័យជំនះ ប្រាំពីរ មករា ឆ្នាំ១៩៧៩នេះគឺ

១៖ ជីវិត៖
ប្រាំពីរ មករា បានរំដោះជីវិតប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ចេញពីការកាប់សម្លាប់រង្កៀលរបស់បនប៉ុលពត។
អ្នករស់រានបានជីវិតមួយចំនួន ក៏ទទួលបាន ឱកាសភៀសខ្លួនទៅរស់នៅឯនាយសមុទ្រ ប្រកបដោយភាពក្សេមក្សាន្ត នៃការផ្ញើជីវិតរបស់គេជាមួយបរទេសនោះ។
ដោយឡែកប្រជាពលរដ្ឋ នៅក្នុងប្រទេសក៏បានតស៊ូ និងបង្ហាញនៅស្នាដៃរបស់ខ្លួន ក្នុងកិច្ចការពារជីវិត និងស្វែងរកឱកាសក្នុងការអភិវឌ្ឍន៍ដែលកើតចេញពីជ័យជំនះ នេះរហូតដល់បច្ចុប្បន្នកាលនេះ។ ជារួមគេបានលើកឡើងថា «ដូចបានរស់សាជាថ្មីម្តងទៀត ឬ គេជាជីវិតទីពីររបស់គេ» នេះជាតម្លៃស្មើ នឹងជីវិតមនុស្សដែលជាស្នាដៃដ៏ មហិមា នៃការដណ្តើមជីវិតដែលជាបទពិសោធន៍ប្រវត្តិសាស្រ្តរបស់ខ្មែរ ក៏ដូចជាប្រវត្តិមនុស្សជាតិជាសកលនោះដែរ។

ក្រៅពីការបូជាជីវិត និងឈាមស្រស់ របស់វីរៈភាពរបស់ក្រុមរណសិរ្សពីរធ្នូ គឺជាសមិទ្ធិផលដ៏ឧត្ដុង្គឧត្ដម ក្នុងការរំដោះជីវិតមនុស្សដែលគេទាំងអស់នោះរស់នៅក្នុង ប្រទេសកម្ពុជាក៏ដូចជា នៅឯនាយសមុទ្រផងដែរ។ សមិទ្ធិផលនេះដ៏ឧតុង្គឧត្ដមនេះ ក៏មានតម្លៃដូចគ្នានៃការរំដោះជីវិតមនុស្សពីសំណាក់សម្ព័ន្ធមិត្តអាមេរិកាំង អង់គ្លេស បារាំង។ល។ ជាដើមចេញពីការកាប់សម្លាប់របស់បន ណាហ្ស៊ី ហ៊ីត្លែរ រឺ ក្រុមឈ្មួញសង្គ្រាមដ៏ទៃទៀត នៅក្នុងសង្គ្រាមលោកលើកទីពីរផងដែរ។ តម្លៃសកល នៃសិទ្ធិមនុស្ស ដែលទទួលបានពីជ័យជំនះប្រាំពីរមករា គឺជាសម្ឋិទ្ធផលនៃប្រវត្តិសាស្ត្រ និងយុត្តិធម៌របស់កម្ពុជា ក្នុងចលនាដណ្តើមជីវិតកិច្ចការពារជីវិត របស់ប្រជាពលរដ្ឋខ្មែរ ទោះបីនៅក្នុងពេលនោះមហាអំណាចជួញសង្គ្រាមបរទេសមួយចំនួន មិនឲ្យតម្លៃជីវិតប្រជាពលរដ្ឋខ្មែរដែលសេសសល់ពីការកាប់សម្លាប់ របស់បនប៉ុលពត នៅទស្សវត្ស៨០យ៉ាងណាក៏គឺពេលនោះ ពិភពលោកបានឃើញ និងដឹងច្បាស់ថា មហាអំណាចលោកខាងលិចយកជីវិតពលរដ្ឋកម្ពុជា ជាថ្នូរបន្តស្លាប់ជាបន្តបន្ទាប់ ឆ្លើយតបនឹងការលោភលន់ នៃផលប្រយោជន៍អំណាចគ្រប់គ្រងពិភពលោក រវាងមហាអំណាចខាងលិច និងខាងកើត ដែលគេហៅថា សង្គ្រាមត្រជាក់នោះ។ នេះក៏ជាបទពិសោធន៍របស់កម្ពុជាសម្រាប់អ្នកនយោបាយ ក្នុងការយកជីវិតខ្មែរជាថ្នូរដោះដូរ ជាមួយបរទេស។

ជាមួយនេះដែរនៅក្នុងទសវត្សប៉ែតសិបនេះ លោកខាងលិចនៅតែបន្តជួយក្រុមឃាតករ ប៉ុលពត ដែលរស់នៅតាមព្រំដែនក៏ដូចជារស់នៅក្នុងប្រទេសខាងលិច ទាំងស្មារតីនយោបាយ និងហិរញ្ញវត្ថុ ក្នុងការ បន្តកាប់សម្លាប់ខ្មែរតទៀត។ «វាលពិឃាដ» ដែលជាចំណងជើងភាពយន្តមួយ ក៏អាចក្លាយជាឯកសារស្មារតី នូវរឿងរ៉ាវ នៃការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដោយរបស់ខ្មែរក្រហម ប៉ុលពត ដែលបានផលិត និងបញ្ចាំងនៅឆ្នាំ១៩៨៤។ ដឹកនាំថតដោយលោក Roland Joffe និងតួសម្តែងដោយលោក វេជ្ជបណ្ឌិត ហាំង ង៉ោ ដែលមានបទពិសោធន៍នៅក្នុងរបប ប៉ុលពត ផងដែរ។ ភាពយន្តនេះគឺជាការបណ្តាក់ទុន «British Drama Film» ហើយទទួលបាននូវពានរង្វាន់ចំនួនប្រាំបីពី BAFTA និងចំនួនបីដង «Academy Awards» ក៏បានបង្ហាញជាក់ស្ដែង និងក៏ជាសារដល់ពិភពលោកទាំងមូល អំពីការកាប់សម្លាប់រង្គាលរបស់បន ប៉ុលពតនេះ។ ហើយក៏ជាសារចំអកដល់សកម្មភាព របស់ក្រុមនយោបាយអមនុស្សធម៌លោកខាងលិចនោះរួមទាំង អង្គការសហប្រជាជាតិរួមគ្នា នៅពេលនោះ «ធ្មេចភ្នែក ឈរការពារក្រុមឃាតករ ប៉ុលពតនេះ ដោយឥតអៀនខ្មាស់»។

២៖ តម្លៃរូបបិយជ័យជំនះ ០៧មករា ឆ្នាំ១៩៧៩
នៅក្នុងឆ្នាំកន្លងថ្មីៗមកនេះ គឺថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គ ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបាន (អ.វ.ត.ក) បានប្រកាស សាលដីការបស់ខ្លួនលើបណ្តឹងសាទុក្ខ ប្រឆាំងនឹងសាលក្រមនៅក្នុងសំណុំរឿង ០០២/០១ បានវិនិច្ឆ័យក្តីចំពោះមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ចំពោះហេតុផល នៃប្រជាពលរដ្ឋខ្មែរស្លាប់ នៅក្នុងរបបរបស់ខ្លួន ដែលមានមនុស្សជាងពីរលាននាក់ «នួន ជា និងខៀវ ផន ឲ្យជាប់គុកមួយជីវិត» នេះក៏ជាសក្ខីភាពថ្មីមួយទៀត ដែលបញ្ជាក់បន្ថែមនូវមូលដ្ឋាន នៃបុព្វហេតុនៃការរំដោះជីវិតប្រជាពលរដ្ឋខ្មែរ និងរឹតតែបន្ថែមតម្លៃដ៏ឧត្ដុង្គឧត្ដមទៅលើជោគជ័យ នៃថ្ងៃទី ០៧ មករា ឆ្នាំ១៩៧៩ ពិតប្រាកដ ដែលមិនអាចប្រកែកបានចំពោះប្រវត្តិសាស្រ្តនេះ។ អាស្រ័យហេតុដូចនេះ តម្លៃជោគជ័យនៃជ័យជំនះ ០៧ មករា ឆ្នាំ១៩៧៩ គឺជាជោគជ័យប្រវត្តិសាស្រ្ត នៃមនុស្សជាតិ មិនត្រឹមតែបរិបថរបស់កម្ពុជានោះទេ ហើយក៏ជាតម្លៃសកលរបស់មនុស្សលោកទាំងមូល ឆ្លើយតបទៅលើការលះបង់អាយុជីវិត ឈាមស្រស់ សាច់ស្រស់ ដើម្បីរំដោះជីវិតប្រជាជនកម្ពុជា ដែលដណ្តើមបានមកវិញ ដោយជោគជ័យនូវសិទ្ធិនៃការមានជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏ធំបំផុតរបស់សិទ្ធិមនុស្ស ដែលប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសរបស់ខ្លួនបច្ចុប្បន្ន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលបានភៀសខ្លួន ទៅតាំងទីរស់នៅឯនាយសមុទ្រផងដែរ៕