(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យដំណើរការ និងផ្សព្វផ្សាយជាផ្លូវការ «កម្មវិធីផ្តល់ព័ត៌មាន សេវាសាធារណៈ ឬជាភាសាអង់គ្លេស Cambodia Public Service» តាមរយៈទូរស័ព្ទស្មាតហ្វូន ដើម្បីលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ ការទទួលបានបម្រើសេវាសាធារណៈគ្រប់វិស័យទាំងអស់។

ការដាក់ដំណើរការ App-សេវាសាធារណៈ ត្រូវបានប្រកាសជាផ្លូវការ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៦ ក្រោមវត្តមានរបស់រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ការដាក់ឲ្យដំណើរការជាផ្លូវការ នូវកម្មវិធីផ្តល់ព័ត៌មានសេវាសាធារណៈ តាមរយៈស្មាតហ្វូននេះ ត្រូវបានរដ្ឋមន្ត្រីនៃក្រសួងទាំង២ រំពឹងថា នឹងចូលរួមចំណែកក្នុង ការផ្សព្វផ្សាយ ការផ្តល់ព័ត៌មានសេវាសាធារណៈ ឲ្យកាន់តែទូលំទូលាយ និងបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់សេវា ក្នុងការទទួលបានព័ត៌មាន សេវាសាធារណៈ ក៏ដូចជាការចូលរួមកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាព ក្រីក្រការពង្រឹងតម្លាភាព និងទប់ស្កាត់ឬកាត់បន្ថយការ ប្រព្រឹត្តអំពើពុករលួយ នៅក្នុងការផ្តល់សេវាសាធារណៈ ហើយក៏ចូលរួមចំណែកក្នុងការបង្កើននូវទំនុកចិត្តនិងភាពជឿជាក់ របស់ប្រជាពលរដ្ឋចំពោះសមត្ថភាពរបស់ រដ្ឋបាលសាធារណៈ និងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដើម្បីទទួលបាន App សេវាសាធារណៈនេះ លោកអ្នកគ្រាន់តែចូលទៅកាន់ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android រួចវាយពាក្យ «សេវាសធារណៈ ឬ Cambodia Public Service» ចុះពាក្យ Instrall ជាការស្រេច៕