(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់​ឋានន្តរ​ស័ក្តិ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភាកិច្ច ការងារកងរាជអាវុធហត្ថឆ្នាំ២០១៦  ទិសដៅឆ្នាំ​២០១៧ ព្រមទាំងផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរអញ្ជើញមក សម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ នូវអគារច្រកទ្វារអន្តរជាតិត្រពាំងក្រៀល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព របល់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង និងមេបញ្ជាការរង និងមន្ត្រីអាវុធហត្ថចំនួន​៨៨នាក់។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ក៏បានផ្តល់នូវម៉ាស៊ីនព្រីនធ័រកូល័រ ចំនួន០៥គ្រឿង និងកំព្យូទ័រយួរដៃ១គ្រឿង ជូនដល់នាយទាហាន កងរាជអាវុធហត្ថ ០៥រូប តាមមន្ទីរជំនាញផងដែរ៕